ឯកឧត្តម ស សុខា បង្ហោះសារអបអរសាទរខួប៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា
ភ្នំពេញ ៖ ក្នុងឱកាសទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានបង្ហោះសារអបអរសាទរ ក្នុងផេកផ្លូវការរបស់ឯកឧត្តម ដោយជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត។
ក្នុងសារដដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់ថា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នេះ ជាថ្ងៃខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ដែលប្រទេសនានានៅជុំវិញពិភពលោក ប្រារព្ធទិវានេះ ដើម្បីជំរុញដល់ការអនុវត្តសិទ្ធិកុមារ ទប់ស្កាត់អំពើហិង្សាលើកុមារ រួមទាំងចូលរួមបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅជុំវិញពិភពលោក និយាយជារួម និងនិយាយដោយឡែកកុមារនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានកត់សម្គាល់ដែរថា ជាមួយគ្នានេះការប្រារព្ធទិវាកុមារអន្តរជាតិ ១មិថុនា នេះឡើង ក៏ដើម្បីរំលឹកដល់សោកនាដកម្ម នៃការកាប់សម្លាប់ស្ត្រីនិងកុមារ របស់ពួកហ្វាសស៊ីសអ៊ីត្លែរ នៅប្រទេសឆេក និងប្រទេសបារាំង ចន្លោះឆ្នាំ១៩៤២-១៩៤៤ ពោលគឺនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បច្ចុប្បន្ននេះនៅផ្នែកខ្លះនៃពិភពលោក ពិសេសនៅបណ្តាប្រទេសដែលមានជម្លោះប្រដាប់អាវុធ តំបន់ដែលមានសង្គ្រាម មានកុមាររាប់សិបម៉ឺននាក់ បាននិងកំពុងក្លាយជាជនរងគ្រោះ ដោយមានទាំងត្រូវបាត់បង់ជីវិត របួស ពិការ ជួបគ្រោះអត់ឃ្លាន និងបាត់បង់ឱកាសនៃការសិក្សាអប់រំ ជាដើម។
ក្នុងសារអបអរសាទរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ថា ប្រធានបទទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៤ នេះ គឺ “ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល”។ តាមរយៈប្រធានបទដ៏មានសារៈសំខាន់នេះ គឺបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កិច្ចការពារ និងរក្សាឧត្តមប្រយោជន៍របស់កុមារ ព្រោះថា កុមារគឺជាធនធាន ដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានគូសបញ្ជាក់ដែរថា កុមារ គឺជាទំពាំស្នងឫស្សី! កុមារ គឺជាសសរទ្រូងសម្រាប់ប្រទេសជាតិ! បើយើងពិនិត្យតាមលក្ខខណ្ឌធម្មជាតិ គឺទំពាំងអាចលូតលាស់បាន ហើយអាចក្លាយជាអ្នកស្នងឫស្សីបាន លុះត្រាតែមានឫស្សីស្រករមុន ការពារពីការបោកបក់នៃខ្យល់ ពោលគឺទំពាំងគង់វង្ស ឬមិនគង់វង្ស អាស្រ័យលើការការពាររបស់ឫស្សី។ រីឯកុមារវិញក៏ដូចគ្នា កុមារ ត្រូវការការពារ ការចិញ្ចឹមបីបាច់ថែរក្សាទំនុកបម្រុងផ្ចុងផ្តើមពីមនុស្សចាស់ មនុស្សជំនាន់មុន។ ដូច្នេះបើចង់បានអ្នកស្នងប្រទេសជាតិ ដែលខ្លាំង រឹងមាំ ទាល់តែពង្រឹង និងសម្រួចតាំងពីនៅក្មេងៗ។ មានន័យថា កុមារ ត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ និងសីលធម៌ក្នុងការរស់នៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានគូសបញ្ជាក់ផងដែរថា ក្នុងន័យនេះ រាជរដ្ឋាភិបាលបន្តវេន ក៏ដូចជានៅអាណត្តិមុនៗដែរ គឺបាននិងកំពុងតែផ្តោតការយកចិត្តទុកដាក់ទៅលើការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ក៏ដូចជាអនុសញ្ញា និងពិធីសារនានាពាក់ព័ន្ធនឹងសិទ្ធិកុមារ។ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារឆ្នាំ២០១៩-២០២៩ បន្ថែមលើយន្តការដែលមានស្រាប់ ដើម្បីធានាថា បញ្ហាកុមារ ត្រូវបានដាក់បញ្ចូលទៅគ្រប់វិស័យពាក់ព័ន្ធ ក្នុងការលើកកម្ពស់សិទ្ធិ សុវត្ថិភាព ស្ថានភាព និងជំនាញរបស់កុមារ។ រាជរដ្ឋាភិបាល ជឿជាក់ថា ការវិនិយោគលើកុមារនៅថ្ងៃនេះ នឹងបង្កើតបានជាធនធានមនុស្ស ដែលមានជំនាញ និងប្រកបដោយសក្តានុពល នាពេលអនាគត ដើម្បីធានាចីរភាពកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
ជាចុងបញ្ចប់នៃសារអបអរសាទរនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញឱ្យរួមគ្នាថែទាំ និងការពារកុមារ ឱ្យក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំសម្រាប់ប្រទេសជាតិ នាពេលអនាគត៕