ឯកឧត្តម អ៊ី ឈាន អំពាវនាវឲ្យពលរដ្ឋបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសន្តិភាព និងការអភិវឌ្ឍដោយចិរភាព

ប៉ៃលិន៖ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជន​កម្ពុជា​ចុះ​ជួយខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយ​របស់​គណបក្ស ដល់សមាជិក សមាជិការបក្ស នៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ, ភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ និងភូមិស្រែអន្ទាក់ ឃុំសាលាក្រៅ  ដែល​ជាថ្ងៃទី៣ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។

ឯកឧត្តម អ៊ី ឈាន  បានមានប្រសាសន៍ នាំមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែយកចិត្តទុកដាក់​ខ្ពស់ក្នុងការ​គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេស សម្តេចតេជោ តែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួល​ដោះស្រាយ ចំពោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ លំបាក​ខ្វះខាត ឬរងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្វហេតុផ្សេងៗ ពិសេសជាង ២ឆ្នាំមកហើយ ក្នុងស្ថានភាពដ៏សែនលំបាកប្រកបដោយគ្រោះថ្នាក់នៃការរាតត្បាត​ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានរំដោះសង្រ្គោះ ឆក់យកបានជិវិតប្រជាពលរដ្ឋចេញពីក្រញាំមច្ចុរាជមកវិញ តាមការចាក់វ៉ាក់សាំងស្រោចបង្កើតភាពស៊ាំ និងបើកប្រទេសឱ្យដំណើរការឡើងវិញតាមប្រក្រតីភាពថ្មី បន្តការអភិវឌ្ឍ​ទៅមុខ។

ឯកឧត្តមប្រធាន បានមានប្រសាសន៍អំពាវនាវ ដល់ប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវ​ទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា ព្រោះពល​រដ្ឋ​គ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែល​ត្រឹមត្រូវ មានន័យថា បានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ  ជាក់ស្តែងគណបក្សប្រជាជនកម្ពុជា ត្រូវបាន​ប្រជាពលរដ្ឋ ផ្តល់សេចក្តីជឿទុកចិត្ត និងប្រគល់សម្លេងឆ្នោតឲ្យដឹកនាំប្រទេសជាតិជាង ៣០ឆ្នាំកន្លងមក ពីព្រោះ​រដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្ស​ប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព​នយោបាយ និងអភិវឌ្ឍន៍ លើ​គ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័នរូបវន្ត និងធនធានមនុស្ស ដើម្បីឲ្យប្រទេសជាតិ​មាន​ការអភិវឌ្ឍ​បន្តទៀត។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ បេក្ខភាពមេឃុំ/ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានជ្រើសរើស យ៉ាងយកចិត្តទុកដាក់បំផុត ពោលសុទ្ធសឹងជាមេឃុំ និងចៅសង្កាត់ ដែលគិតគូពីសុខទុក្ខរបស់ពលរដ្ឋ និងលើកកម្ពស់ការអភិវឌ្ឍ នៅតាមឃុំ/សង្កាត់ ដែលខ្លួនដឹកនាំ ដូច្នេះការបោះឆ្នោត​គាំទ្រគណបក្សប្រជាជនកម្ពុជា គឺស្មើនឹងការគាំទ្រខ្លួនឯង និងគាំទ្រការអភិវឌ្ឍនៅមូលដ្ឋាន។

នៅក្នុងឱកាសនោះផងដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យ ជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ។

CATEGORIES
Share This