ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

បាត់ដំបង ៖ ជនសង្ស័យចំនួន០៥នាក់ ក្នុងចំណោមបក្សពួកប្រហែល១០នាក់ ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចុះធ្វើការបង្ក្រាបឃាត់ខ្លួន ក្រោយពួកគេ ប្រើប្រាស់កាំបិតកាប់ប្រហារទៅលើភាគីម្ខាងទៀត អោយរងរបួសម្នាក់ និងខូចខាតម៉ូតូ០១គ្រឿង។

លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះថា ជនសង្ស័យត្រូវបានឃាត់ខ្លួន មាន៖ ទី១.ឈ្មោះ ហម ពុំ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាកុយ សង្កាត់ក្ដុលដូនទាវ ក្រុងបាត់ដំបង, ទី២.ឈ្មោះ ហាក់ ណុច ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង, ទី៣-ឈ្មោ: ពៅ មេសា ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង, ទី៤-ឈ្មោះ យ៉ាន រតនា ហៅ ណៃភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង, ទី៥-ឈ្មោះ រិន ផារ៉េត ហៅ រ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងកាំបិតចំនួន ២ដើមផងដែរ។

ក្រោយពីធ្វើការឃាត់ខ្លួនសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួននិងបក្ខពួកមានគ្នាប្រហែល១០នាក់ពិតជាបានធ្វើសកម្មភាព ដោយប្រើប្រាស់កាំបិត កាប់ទៅលើជនរងគ្រោះឈ្មោះ ហុីង សុីអៀង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This