មន្រ្តីសង្ឃសាលាគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបង នាំយកទេយ្យទាន ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង
បាត់ដំបង ៖ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានទទួលនូវទេយ្យទាន (សង្គហទាន) ពីព្រះធម្មត្ថេរ ឡុង សុងលី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបង ព្រមទាំងព្រះគ្រូចៅធិការវត្តទាំង១៤ នៃគណធម្មយុត្តិកនិកាយក្នុងខេត្តបាត់ដំបង នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ។
ពីព្រះធម្មត្ថេរ ឡុង សុងលី ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តបាត់ដំបង បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាខាកាកបាទក្រហមកម្ពុជា ដែលមាន ឯកឧត្តម សុខ លូ ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃគណៈធម្មយុត្តិកនិកាយខេត្ត និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបងដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ផេង សិទ្ធី បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះមន្រ្តីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ គណៈមហានិកាយនៃសាលាអនុគណក្រុង ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
តាមរយៈអំណាចនៃបុណ្យដែលបានធ្វើនៅថ្ងៃនេះឯកឧត្តម បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធទាំងអស់ក្នុងលោក ប្រោសព្រំ ផ្តល់នូវពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតនៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ច និងសូមបួងសួងដល់ព្រះសង្ឃគ្រប់ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។
សូមបញ្ជាក់ថា ទេយ្យទាន (សង្គហទាន) នៃសាលាអនុគណក្រុងបាត់ដំបងជូនដល់ សាខាកាកបាទក្រហមកម្ពុជា នាពេលនេះ រួមមាន ៖ បច្ច័យចំនួន ១,៤០០.០០០រៀល , អង្ករ ចំនួន ៦៧៥គីឡូក្រាម ,មី១១កេសតូច ,ទឹកត្រីចំនួន៣០យួរ , ទឹកស៊ីអ៊ីវចំនួន២៧យួរ ព្រមទាំងគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ផ្សេងៗជាច្រើនមុខផងដែរ៕
ដោយ ៖ សាលី