ព្រះរាជអាជ្ញាខេត្តបាត់ដំបង ប្រជុំបន្ទាន់ស្តីពី វិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងក្មេងទំនើង

បាត់ដំបង ៖ ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ​បានប្រជុំបន្ទាន់ស្តីពីវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស និងក្មេងទំនើង រវាងអយ្យាការអមសាលាដំបូងខេត្តបាត់ដំបង និងនគរបាលយុត្តិធម៌ មកពីស្នងការដ្ឋាននគរបាលខេត្ត​ អធិការក្រុង-ស្រុកទាំង១៤​ និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​-ក្រុង​-ស្រុក​ ទាំង១៤​ ដើម្បីពិភាក្សាស្វែងរកវិធានការគន្លឹះ និងដាក់ចេញនូវយន្តការសម្រាប់អនុវត្តអោយបានតឹងរឹងទៅលើករណីក្មេងទំនើង។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែវ សុជាតិ បាននែនាំទៅដល់នគរបាលយុត្តិធម៌ត្រូវធ្វើសកម្មភាពអោយសកម្មដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋាន​ ដោយកំណត់ទុកដូចជាការធ្វើយុទ្ធនាការសម្រាប់ដោះស្រាយបញ្ហាក្មេងទំនើង និងបានដាក់ចេញនូវវិធានការ​២សម្រាប់អនុវត្ត! ១-វិធានការបង្ការ​ ទប់ស្កាត់​ ដែលមាន​៥ចំណុច ដែលចំណុចទី១ -តាមស្រុក-ក្រុង​ ត្រូវរៀបចំបញ្ជីឈ្មោះគ្រប់គ្រងមុខសញ្ញាអោយបានច្បាស់លាស់​ , ទី២-ជនទើបចេញពីពន្ធនាគារ​ ក្រុមក្មេងទំនើង ក្រុមជួញដូរគ្រឿងញៀន​ និងចោរកម្ម  ទី៣-រៀបចំចំណាត់ថ្នាក់មុខសញ្ញា​ អ្នកបញ្ជា​ អ្នកដៃដល់​ អ្នកហែរហមត្រូវសហការជាមួយអាជ្ញាធរឃុំ​ អញ្ជើញមុខសញ្ញា​ដែលផ្តុំគ្នា​ និងអញ្ជើញអាណាព្យាបាលគាត់​ លោកគ្រូ អ្នកគ្រូ​ មកជួយអប់រំពួកក្មេងទាំងនោះនៅប៉ុស្តិ៍នគរបាល , ទី៥-ពិនិត្យទីតាំងលក់ដាវសាំម៉ូរៃ​ និងអប់រំតាមដានសកម្មភាពក្មេងទំនើង​ និងបំបែកក្រុមក្មេងទំនើងដែលផ្តុំជួបជុំគ្នា។

ទី២៖ វិធានការបង្ក្រាប ត្រូវរៀបចំកម្លាំងអន្តរាគមន៍ ដើម្បីចេញប្រតិបត្តិការអោយទាន់ពេលវេលា , ស្រាវជ្រាវ​បង្ក្រាបបទល្មើសអោយដល់ទីបញ្ចប់ កុំអោយបទល្មើសមានការកើតឡើងទៀត  ពិសេសជំរុញអោយនគរបាលយុត្តិធម៌ត្រូវចុះធ្វើការទៅលើការអនុវត្តដីកាចាប់ខ្លួន ខណៈដែលសំណុំរឿងចំនួន៤១រឿង ស្មើ១០៧ដីកា នៅមិនទាន់ទទួលបានលទ្ធផល ៕
ដោយ ៖ សាលី

CATEGORIES
Share This