រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះពិនិត្យច្រកតំបន់បឹងត្រកួន និងច្រករបៀងអូរបីជាន់ ក្រោយប្រជុំផ្តោតសំខាន់លើករណីគ្រឿងញៀន និងបទល្មើសនានាតាមព្រំដែន
បន្ទាយមានជ័យ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យច្រកព្រំដែនតំបន់បឹងត្រកួន និងច្រករបៀងព្រំដែនអូរបីជាន់ ស្ថិតនៅក្នុងស្រុកថ្មពួក និងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជាថៃ ។
ការចុះត្រួកពិនិត្យរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ធ្វើឡើងក្រោយពីឯកឧត្តម បានដឹកនាំប្រជុំជាមួយអាជ្ញាធរខេត្តស្រុក សមត្ថកិច្ចនគរបាលការពារព្រំដែន មន្រ្តីគយ អាវុធហត្ថស្រុកក្រុងទាំង៩ នៃខេត្ត នៅទីបញ្ជាការនគរបាលការពារព្រំដែនគោក៨០៧ ក្នុងឃុំគោករមៀត ស្រុកថ្មពួក លើការត្រួកពិនិត្យវឌ្ឍនភាពគ្រឿងញៀន និងបញ្ហាបទល្មើសនានា នៅតាមព្រំដែន។
តាមរយៈការចុះត្រួកពិនិត្យ តាមច្រកព្រំដែន ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នេះ ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីការធ្វើប័ណ្ណព្រំដែនជូនពលេដ្ឋ និងការឆ្លងកាត់របស់ពលរដ្ឋនៅច្រកតំបន់បឹងត្រកួន និងកាលពីអំឡុងវិបត្តិកូវិដ-១៩ធ្ងន់ធ្ងរនៅច្រកអូរបីជាន់ ត្រូវបានរៀបចំជាច្រកទទួលពលករ និងជាកន្លែងត្រួកពិនិត្យកូវិដ-១៩ ។
សូមបញ្ជក់ថា រដ្ឋាភិបាលក៏ដូចឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តែដាក់វិធានការបិទច្រករបៀង តាមព្រំដែន និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ តែវិធានការខាងលើ មិនត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចតាមព្រំដែន អនុវត្តឡើយ ដោយតែងបើកភ្លើងខៀវ អោយឈ្មួញនាំទំនិញគេចពន្ធ ចូលតាមច្រករបៀងមួយចំនួន ដូចជាច្រកជោគជ័យ (ណងច័ន្ទ), ច្រកតំបន់១, ច្រកសេះង៉ាប់ស្ថិតនៅស្រុកស្វាយចេក និងច្រករបៀងមួយចំនួនទៀតនៅស្រុកម៉ាឡៃ ។ ទំនិញដែលលួចនាំចូលភាគច្រើន ជាម៉ូតូ ដើមដំឡូង សត្វមាន់-ទារ ទំនិញជាភេសជ្ជៈ និងទំនិញចាប់ហួយ ដែលដឹកតាមរថយន្តកែឆ្នៃ រៀងរាល់យប់៕