នគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនក្រុមក្មេងទំនើង ០៩នាក់ អនុវត្តផ្លូវច្បាប់
ព្រះវិហារ ៖ ក្រុមក្មេងទំនើង ០៩នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងអធិការនគរបាលក្រុងព្រះវិហារ និងអធិការនគរបាលស្រុកត្បែងមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ អនុវត្តផ្លូវច្បាប់។
លោកវរសេនីយ៍ឯក គង់ គា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឲ្យសារព័ត៌មានដឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ថា ក្រោយទទួលបាននូវបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ការរឹតបន្តឹង ទប់ស្កាត់ និងបង្ក្រាប់រាល់សកម្មភាពក្មេងទំនើង ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ លោកបានដឹកនាំកម្លាំងជំនាញរបស់លោកសហការជាមួយ កម្លាំងអធិការក្រុងព្រះវិហារ និងស្រុកត្បែងមានជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន០៩នាក់ ដកហូតវត្ថុតាងមួយចំនួន ដូចជា ៖ ដាវ ចំនួន១ដើម, កាំបិត ចំនួន២ដើម, និងម៉ូតូចំនួន៣គ្រឿង ។
ក្រោយឃាត់ខ្លួន និងសាកសួរ ក្រុមក្មេងទំនើងទាំង០៩នាក់ខាងលើ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ រ៉ាស៊ី