ស្នងការនគរបាលខេត្តព្រះវិហារ ប្រកាសរឹតបន្តឹង និងទប់ស្កាត់សកម្មភាព ក្រុមក្មេងទំនើង បងតូចបងធំ
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបង្ហាញពីគោលជំហរ នៃការរឹតបន្តឹង និងទប់ស្កាត់សកម្មភាព ក្រុមក្មេងទំនើង បងតូចបងធំ ដែលកំពុងកើតមានក្នុងខេត្តព្រះវិហារ ។
លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា បានមានប្រសាសន៍ ក្នុងពិធីគោរពទងជាតិកាលពីចុងសប្តាហ៍កន្លងទៅនេះថា ដោយយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការនគរបាលជាតិ ដែលសង្កេតឃើញថា សកម្មភាពក្មេងទំនើងបងតូចបងធំ ប្រមូលផ្តុំគ្នា បញ្ចេញចរិកកាចសាហាវ គួរឲ្យបារម្ភ និងធ្វើឲ្យបាត់សណ្តាប់ធ្នាប់ បង្កឲ្យមានកាភ័យខ្លាច និងជះឥទ្ធិពលដល់បរិយាកាស សន្តិសុខសង្គមជាតិ ព្រមទាំងមានការរំខាន ដល់ការនៅរបស់បងប្អូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋាន ។ ដើម្បីដោះស្រាយបញ្ហាខាងលើនេះទៅបាន ក្នុងនាមយើងជាមន្ត្រីនគរបាលជាតិ ត្រូវប្តេជ្ញាយ៉ាងមុតមាំ បង្កាទប់ស្កាត់ និងចាត់គ្រប់វិធានការជំនាញ ក៏ដូចវិធានការច្បាប់ ក្នុងកាទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើង ក្រុមបងតូចបងធំ និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។
លោកបន្តថា ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជាតិ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធិភាពខ្ពស់ តបតាមអនុសាសន៍ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅក្នុងឆ្នាំ២០២៤-២០៣៥ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
លោកស្នងការបញ្ជាក់ថា រយៈកាលកន្លងមក ការខិតខំប្រឹងប្រែងរបស់មន្ត្រីនគរបាលជាតិយើង គឺ តែងអនុវត្តវិធានការច្បាប់វបានយ៉ាងមានប្រសិទ្ធិភាព ក៏ប៉ុន្តែ អី្វដែលយើងត្រូវធ្វើបន្តទៀតនោះ គឺ យើងត្រូវគិតថា កម្ទេចភ្លើងដ៏តូចមួយ វាក៏អាចបង្កជាគ្រោះអគ្គីភ័យបានដែរ ដូចគ្នាទៅនឹងករណីក្មេងទំនើងនេះជាដើម ប្រសិនបើកម្លាំងនគរបាលជាតិយើង មានការធ្វេសប្រហែស ឬបន្ធូរដៃ ពួកទាំងនេះ នឹងបង្កធ្វើព្យុះធ្វើភ្លៀង ដូច្នេះយើងត្រូវអនុវត្តវិធានការច្បាប់ ទៅលើបក្ខពួកនេះ ឲ្យបានដូចជាភ្លៀងរលឹម ៕
ដោយ ៖ រ៉ាស៊ី