អាវុធហត្ថ ឃាត់ខ្លួនក្រុមអ្នកលេង០២នាក់ ក្នុងចំណោមបក្ខពួកប្រហែល ១០នាក់ កំពុងរត់គេចខ្លួន

បាត់ដំបង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួន ជនសង្ស័យ ០២នាក់ ខណៈដែលបក្ខពួកជាច្រើននាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាព កាប់ទៅលើភាគីម្ខាង អោយរងរបួសជាច្រើនកន្លែង ។

ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង ០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងវត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង  ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ព្រួញ រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើចំការ និងទី២-ឈ្មោះ គ្រឿម មិថុនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ទាំងពីរនាក់មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ខាងលើ ក្នុងចំណោមបក្សពួកប្រហែល១០នាក់ កាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី​ ពួកគេប្រដាប់ដោយដាវសាំម៉ារ៉ៃ និង កាំបិត បានធ្វើ​សកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមផ្សេងទៀតមានគ្នាប្រហែល១០នាក់ ខណៈ​ពេលដែលទៅមើលការប្រគំតន្ត្រី បណ្តាលឲ្យជនរងគ្រោះឈ្មោះ វាសនា វណ្ណះ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង អោយរងរបួសរយះត្រង់ប្រអប់ជើង និងក្បាលជង្គង់ខាងឆ្វេងចេញឈាម ។

ជាមួយការឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើនេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ កាំបិតកាចែត ចំនួន០១ដើម ,ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងម៉ូតូចំនួន០៥គ្រឿង។

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ សាលី

CATEGORIES
Share This