ប្រកាសតែងតាំងលោក ធាង ឡេង ជាអភិបាលស្រុកវាលវែង

ពោធិ៍សាត់ ៖ លោក ធាង ឡេង ពីអធិការនគរបាលស្រុកវាលវែង ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកវាលវែង ជំនួសលោក វង្ស អេង អភិបាលស្រុកចាស់ដែលត្រូវផ្ទេទៅបម្រើការងារ នៅរដ្ឋបាលខេត្តពោធិ៍សាត់។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅសល់ប្រជុំសាលាស្រុកវាលវែង ក្រោយអធិបតីភាពឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ។

ក្រោយប្រកាសចូលកាន់មុខតំណែង លោក ធាង ឡេង អភិបាលស្រុកវាលវែងថ្មី បានសម្តែងក្តីរីករាយ និងថ្លែងអំណរអរគុណ ចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឯកឧត្តម កែវ រដ្ឋរតនៈ ក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលមានទំនុកចិត្ត និងបានប្រគល់នូវមុខតំណែង ជាអភិបាលស្រុកវាលវែងនាពេលនេះ ។ ដើម្បីជាការឆ្លើយតបនៅគុណបំណាច់នេះលោក ធាង ឡេង បានធ្វើការប្តេជ្ញាចិត្ត បំពេញតួនាទីភារកិច្ចជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋ គោរពនូវគោលការច្បាប់ បង្កើនការសិក្សាច្រាវជ្រាវរៀនសូត្រ ដើម្បីជាគន្លឹះសម្រាប់អនុវត្តមូលដ្ឋាន ស្របតាមគោលការណ៍ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលខេត្ត។

ក្នុងពិធីនេះដែរឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ផ្តាំផ្ញើ ចំពោះលោក ធាង ឡេង អភិបាលនៃគណៈអភិបាលស្រុកវាវែង ទើបតែទទួលមុខតំណែងថ្មី ធ្វើយ៉ាងណា ត្រូវអនុវត្ត តួនាទីភារកិច្ច ដែលខ្លួនប្តេជ្ញាចិត្ត ចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទើបមានឈ្មោះជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដ ៕

CATEGORIES
Share This