នគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង ១១នាក់ បញ្ជូនទៅតុលាការ ក្រោយពិនិត្យឃើញមានសារធាតុញៀន
បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង ចំនួន១១នាក់ ក្នុងចំណោមក្មេង ១៤នាក់ ត្រូវបានកម្លាំងនគរបាល ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រោយពិនិត្យឃើញថា មានសារធាតុញៀនក្នុងខ្លួន ។
លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យសារព័ត៌មានដឹងថា អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លើកិច្ចការការងារ បង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណះ និងភូមិឃុំមានសុវត្ថិភាព ។ ជាលទ្ធផលនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២ នឹង០០នាទីអធ្រាត កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានអនុវត្តវិធានការរដ្ឋបាល និងចេញល្បាតតាមទីប្រជុំជន និងគោលដៅមួយចំនួន បានប្រទះ មុខសញ្ញាក្មេងទំនើង ចំនួន៥ក្រុម សរុបមានគ្នាចំនួន១៤នាក់ ដែលប្រមូលផ្តុំគ្នាដើរលេងពេលរាត្រី ដោយកម្លាំងបានឃាត់ខ្លួនយកមកសាកសួរ និងពិនិត្យរកសារធាតុញៀន ។ ជាលទ្ធផលឃើញថា មានក្មេង៣នាក់ ដែលគ្មានសារធាតុញៀន កម្លាំងបានធ្វើការអប់រំ ហើយអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយឡែកក្មេង១១នាក់ទៀតពិនិត្យឃើញថា មានសារធាតុញៀនក្នុងខ្លួន កម្លាំងជំនាញបានឃាត់ទុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។
លោកបន្តថា ក្រោយឃាត់ខ្លួន និងសាកសួរ ក្មេងទាំង១១នាក់ខាងលើ ត្រូវបានកម្លាំងជំនាញ បានសុំគោលការណ៍បញ្ជូនទៅតុលាការ ដើម្បីបញ្ជូនបន្ត ទៅមណ្ឌលអប់រំកែប្រែ ៕