បងប្រុសកូនក្រមុំ ខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix) រាំ ទាញកែវស្រាគប់អ្នកចម្រៀង ផ្អើលពេញរោងការ

ខេត្តប៉ៃលិន ៖ ហេតុការណ៍ភ្ញាក់ផ្អើល និងហួសចិត្តមួយ បានកើតឡើងនៅក្នុងរោងការមួយកន្លែង ស្ថិតនៅក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បង្កឡើងដោយ បងប្រុសកូនក្រមុំ ខឹងក្រុមតន្ត្រីមិនព្រមផ្អាកច្រៀងកំដរភ្ញៀវ ដើម្បីឱ្យខ្លួនចាក់បទរីមិច (Remix) រាំ ទាញកែវស្រាគប់អ្នកចម្រៀង ផ្អើលពេញរោងការ កាលពីយប់ថ្ងៃទី​០៦ ខែកុម្ភ: ឆ្នាំ២០២២ ។

ប្រភពព័ត៌មានពីភ្ញៀវចូលរួមក្នុងពិធីទទួលទានអាហារ នៃមង្គលការខាងលើ បានឱ្យដឹងថា នៅយប់មុនថ្ងៃកើតហេតុ គេឃើញ ភ្ញៀវប្រុសស្រីក្មេងចាស់ជាច្រើននាក់ បាននាំគ្នាទៅចូលរួមហូបអាហារ ក្នុងពិធីអាពាហ៍ពិពាហ៍របស់កូនក្រមុំ ដែលឪពុកមាន ឈ្មោះ ម៉ុន ជាមន្រ្តីនៃមន្ទីរផែនការខេត្តប៉ៃលិន ប្រពន្ធឈ្មោះ ចែ ថា ជាអាជីវករលក់សាច់គោក្នុងផ្សារ លុះនាំគ្នាហូបតាំងពីល្ងាច រហូតដល់វេលាម៉ោង០៩យប់ ស្រាប់តែបងប្រុសបង្កើត របស់កូនក្រមុំ ទៅនិយាយជាមួយមេការក្រុមតន្ត្រី សុំឱ្យឈប់លេងភ្លេងផ្ទាល់ដៃ និងឈប់ច្រៀង ព្រោះរូបគេចង់ប្តូរមកចាក់បទចម្រៀងរីមិច (Remix) ញាក់កន្ត្រាក់អារម្មណ៍រាំលេងសប្បាយជាមួយមិត្តភក្តិវិញ លុះមេការមិនយល់ព្រម ដោយឱ្យក្រុមលេងភ្លេង និងអ្នកចម្រៀងបន្តរហូតដល់ម៉ោង១០យប់ ទើបបងប្រុសកូនក្រមុំទាញកែវស្រា កំពុងផឹក គប់ទៅលើអ្នកចម្រៀង បណ្តាលឱ្យរត់គេចពេញឆាក ។ តែសំណាងល្អ កែវស្រាមិនត្រូវនរណាម្នាក់ បណ្តាលឱ្យរងរបួសនោះទេ ។

បើតាមការរៀបរាប់ពីលោក ម៉ៃ ជាមេការតន្ត្រីខាងលើ បានរៀបរាប់ឱ្យដឹងថា ពេលឃើញភ្ញៀ វកំពុងតែហូបអាហារ ក្រុមតន្ត្រីរបស់លោកបន្តច្រៀងបទរាំវង់ និងបទញាក់ខ្លះៗ ដើម្បីបង្កភាពសប្បាយរីករាយ ស្រាប់តែបងប្រុសរបស់កូនក្រមុំ មកនិយាយនឹងខ្លួនថា រូបគេបានជួលអ្នកចាក់បទចម្រៀងរីមិច (Remix) អស់៥០ដុល្លារ ដើម្បីយកមកចាក់រាំសប្បាយនៅក្នុងរោងការនេះដែរ មុននឹងភ្ញៀវហូបអាហាររួច ត្រឡប់ទៅផ្ទះ ។ លោកបន្តទៀតថា បើចាក់បទបែបនោះ នឹងគ្មានភ្ញៀវចាស់ៗ ណានៅបន្តរាំលេង បានទេ ព្រោះជាបទសម្រាប់ក្រុមក្មេងស្ទាវប៉ុណ្ណោះ ទើបខាងលោកមិនអនុញ្ញាត ក៏បង្កទៅជាបញ្ហាគប់កែវ ទៅលើឆាកបិះនឹងត្រូវអ្នកចម្រៀងរបួស ។ បើសិនជាគប់ត្រូវចំអ្នកចម្រៀង ឬអ្នកភ្លេងលោកនឹងមិនឱ្យរួចខ្លួននោះឡើយ ។ តែក្រោយមកក៏មានការសម្របសម្រួលពី នគរបាលនៃអធិការក្រុងប៉ៃលិន ទើបខាងលោកឱ្យក្រុមតន្ត្រីបន្តច្រៀងកំដរភ្ញៀវរហូតដល់ម៉ោង១២យប់ រួចបិទផ្អាកតែម្តង ៕

ដោយ ៖ វិច្ឆ័យ

CATEGORIES
Share This