ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស ក្នុងស្រុកសាលាក្រៅ

ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ដល់សមាជិក សមាជិការបក្ស នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលជាថ្ងៃទី២ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អណត្តិទី៥ ឆ្នាំ២០២២ ។

លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិនៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតល្បាតសកលកូវីដ-១៩ ក៍ដោយ។

ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងពីគោលដៅចម្បងៗរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ និងជម្រុញការកសាងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព  ដែលជាគ្រឹះដ៏រឹងមាំក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និងប្រជាជន តទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍  ព្រមទាំងសូមឲ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ។

ឯកឧត្តមប្រធាន ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិកសមាជិកាគណបក្សប្រជាជន និងជនរួមជាតិដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញារូបទេវតាបាចផ្កា ទៅតាមលំដាប់លេខរៀងនៃឃុំ-សង្កាត់របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំ-ចៅសង្កាត់ ក្នុងកិច្ចអភិវឌ្ឍមូលដ្ឋានបន្តបន្ទាប់ទៀត។

នៅក្នុងឱកាសនោះផងដែរ ក្រុមការងារក៍បានបង្រៀនសមាជិក សមាជិកា អំពីការគូសសន្លឹកឆ្នោតដែលត្រឹមត្រូវ ដែលមានរូបទេវតាបាចផ្កាជាសម្គាល់ ដើម្បីបានបញ្ចេញនូវឆន្ទះ ក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ឱ្យទទួលជ័យជំនះរាល់ការបោះឆ្នោត គ្រប់ៗអណត្តិ ។

CATEGORIES
Share This