ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងឯកឧត្ដម ខេង ស៊ុម អញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤

បន្ទាយមានជ័យ ៖ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន និងឯកឧត្ដម ខេង ស៊ុម កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត ។

ឯកឧត្តម ខេង ស៊ុម ប្រធានគណៈបញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងប៉ោយប៉ែត បានឡើងអាននៅសាលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក្នុងឱកាសពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង អាណត្តិទី៤ ឆ្នាំ២០២៤ ដ៏មានអត្ថន័យខ្លឹមសារ ប្រកបដោយឧត្តមប្រយោជន៍ និងគុណតម្លៃខ្ពស់ជូនអង្គពិធីបានជ្រាប។

ឯកឧត្តម ខេង ស៊ុម បានបញ្ជាក់ថា ក្នុងយុទ្ធនាការនេះក្រុមការងារដែលទទួលបានការគាំទ្រ ពីអង្គបោះឆ្នោតដែលជា សមាជិកក្រុមប្រឹក្សាសង្កាត់ របស់គណបក្ស ហើយអង្គបោះឆ្នោតទាំងអស់បានយល់ច្បាស់ អំពីនីតិវិធី និងដំណើរការនៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សក្រុង អាណត្តិទី៤ ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនបេក្ខជន ជូនអង្គបោះឆ្នោត និងជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មលេីដំណេីរកសាង ការពារជាតិមាតុភូមិ ក្នុងស្មារតីសាមគ្គីភាព ដេីម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ថ្វីត្បិតការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាការបោះឆ្នោតអសកល ក៏ប៉ុន្តែអង្គបោះឆ្នោតគឺជាតំណាងសម្លេងឆ្នោតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលបានបោះឆ្នោតជូននាពេលកន្លងមក។ ជាមួយគ្នានេះ យេីងទាំងអស់គ្នា មានកាតព្វកិច្ចបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងតែមាន នៅកម្ពុជា ឱ្យស្ថិតស្ថិរ និងរីកចម្រេីនជាយូរអង្វែង តាមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ ហេីយអង្គបោះឆ្នោតត្រូវយកចិត្តទុកដាក់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវ ដេីម្បីឆ្លេីយតបនឹងឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា របស់ប្រជាពលរដ្ឋកម្ពុជា។

បន្ទាប់ពីបញ្ចប់ពិធីបិទយុទ្ធនាការនេះឯកឧត្តមគណៈអធិបតីក៏បានអោយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ធ្វើការសាកល្បងគូសសន្លឹកឆ្នោតនាឱកាសនោះផងដែរ៕

CATEGORIES
Share This