ប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបន្ទាយមានជ័យ ស្ដីពី វឌ្ឍនភាពការងារ ត្រីមាសទី២ ឆ្នាំ២០២៤
បន្ទាយមានជ័យ ៖ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ បានរៀបចំបើកកិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្តបន្ទាយមានជ័យ ស្ដីពី វឌ្ឍនភាពការងារសម្រេចបានត្រីមាសទី២ ឆ្នាំ ២០២៤ ។
កិច្ចប្រជុំនេះ ធ្វើឡើងកាលពីរសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ និងលោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត ព្រមទាំងអស់លោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុក មេឃុំ មន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាងអង្គការ ស្វីសខន់ថាក់ ជាច្រើនរូបទៀតផងដែរ ។
លោកស្រី សំរិទ្ធ សូរ្យជាតិ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត បានឱ្យដឹងថា៖ តាមរយៈការរៀបចំបើកវគ្គបណ្ដុះបណ្ដាលសម្រាប់ឆ្នាំសិក្សា២០២៣.២០២៤ មានកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសសរុប ២២៤ ស្រី៦២នាក់ ក្នុងនោះកម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ៣ សិស្សសរុប ៣៧នាក់ ស្រី៣នាក់ និងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ២ សិស្សសរុប ៦២នាក់ ស្រី១២នាក់។
លោកស្រី ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការបណ្ដុះបណ្ដាលខេត្ត បានបញ្ជាក់ថា ចំនួនសិស្សបានដាក់ពាក្យស្នើសុំចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ កម្មវិធីបណ្ដុះបណ្ដាលជូនយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យសរុប ៧៥១ចំនួននាក់ ស្រី១៨០នាក់។ ក្នុងនោះមានជំនាញដូចជា៖ ១-ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ, ២-ការថែទាំនិងជួសជុលរថយន្ត, ៣-ការថែទាំនិងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ៤-ការរចនាក្រាហ្វិចដោយកុំព្យូទ័រ, ៥-សេវាកម្មកុំព្យូទ័រ, ៦-សេវាកម្មរដ្ឋបាល, ៧-សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន និងទី៨-ធុរកិច្ចភេសជ្ជៈ។ សម្រាប់សិស្សនិស្សិតចុះកម្មសិក្សាសរុប ១៥៤នាក់ ស្រី៣៦នាក់ ដែលជាវេនចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (បញ្ជាក់ពេលថ្ងៃ)។
លោក យឹម សំណាង អភិបាលរងខេត្ត បានមានប្រសាសន៍ លើកឡើងថា កិច្ចប្រជុំគណៈកម្មាធិការបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់ក្នុងចំណោមកម្មវិធីគោលនយោបាយ អាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តភ្លាមនៅមុនដំណាច់ ឆ្នាំ២០២៤ ហើយនេះ ក៏ចាត់ទុកជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្ត ជាផ្លូវការ នូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារ ក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ ៕