លោកជំទាវ បាន ស្រីមុំ ប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤

ប៉ៃលិន ៖ លោកកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃ គណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិន កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ ស្ដីពីការ ពង្រឹង កិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ នៅក្នុងខេត្ត និងត្រៀមរៀបចំផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ នាថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ  បានមានប្រសាសន៍លើកឡើងថា ការងារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នេះ ដើម្បីអោយបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ គឺ ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួន ព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួន នូវច្បាប់ បទបញ្ជានីតិវិធី និងក្រមសីលធម៌ ដោយ ស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត  ដើម្បីធានាបាននូវសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ ទទួលយកបាន នូវលទ្ធផលនៃការបោះឆ្នោត តាមបែបលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ។

លោកជំទាវបណ្ឌិតប្រធានគណៈបញ្ជាការឯកភាពខេត្ត ក៏បានមានប្រសាសន៍ ជំរុញដល់កងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការយ៉ាងជិតស្និទជាមួយ អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការរៀបចំការបោះឆ្នោត រៀបចំធ្វើផែនការជាក់លាក់ ក្នុងការធានាដល់សន្តិសុខ សណ្តាប់ធ្នាប់ នៅមូលដ្ឋានរបស់ខ្លួន ឱ្យបានច្បាស់លាស់ ជាពិសេស កម្លាំងប្រចាំការត្រៀមអន្តរាគមន៍ក្នុងភូមិសាស្ត្រខាងក្រៅ នៃក្រុង ស្រុក ឃុំ/សង្កាត់ និងកម្លាំងនគរបាលការពារ នៅតាមការិយាល័យ បោះឆ្នោតនីមួយៗ ផ្អែកតាមផែនការ ដែលបានកំណត់ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ទៅលើកិច្ច សហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាព ដែលយើងទាំង អស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗ ជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៏ដូចជាបំរើសេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ថា ខេត្តប៉ៃលិន គឺ មានការិយាល័យបោះឆ្នោត ចំនួន២ នៅក្រុងប៉ៃលិន ១ការិយាល័យ និងនៅស្រុកសាលាក្រៅ ១ការិយាល័យ ដោយមានអង្គបោះឆ្នោតសរុប ចំនួន៥២នាក់ ស្រី១៦នាក់ និងមានអសនៈ ក្រុមប្រឹក្សាខេត្ត ចំនួន១៥, ក្រុមប្រឹក្សាក្រុងប៉ៃលិន ១៥ និងក្រុមប្រឹក្សាស្រុកសាលាក្រៅ ១៥ ៕

CATEGORIES
Share This