លោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាល ជាមួយអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤

ប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិនកាកពីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤  នៅទីស្នាក់គណបក្សឃុំអូរអណ្តូង បានអញ្ជើញសំណេះសំណាលជាមួយអង្គបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកសាលាក្រៅ និងធ្វើការបោះឆ្នោតសាកល្បងផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បាននាំមកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសូមថ្លែងអំណអរគុណ ព្រមទាំងកោតសរសើរវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សាមគ្គីភាពការទទួលខុសត្រូវ របស់ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមគ្នាអនុវត្ត បាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ រួមជាមួយ នឹងការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្រោមការដឹកនាំរបស់គណបក្ស និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កន្លងទៅដោយចូលរួមធ្វើឱ្យគណបក្សប្រជាជនកម្ពុជាដណ្តើមបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបោះឆ្នោត ដ៏មានសារសំខាន់នេះ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ប្រធានគណបក្សខេត្ត បានមានប្រសាសន៍ លើកទឹកចិត្តដល់ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំទាំងបួន ក្នុងស្រុកសាលាក្រៅ ដែលជាអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក សូមមេត្តាបន្តពង្រឹងការប្តេជ្ញាចិត្តរួមគ្នាជាធ្លុងមួយ ជុំវិញការដឹកនាំរបស់គណបក្សធ្វើការគាំទ្រ និងចូលរួមក្នុងដំណើរការបោះឆ្នោតដ៏មានសារសំខាន់នេះ ដោយធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តបំពេញបេសកកម្មបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ឱ្យសម្បូរសប្បាយរុងរឿងប្រកបដោយភាពសុខដុមរមនា និងសុភមង្គល។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បញ្ជាក់ថា «នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ដ ក្រុមប្រឹក្សាក្រុង-ស្រុក អាណត្ដិទី៤ ឆ្នាំ២០២៤ នឹងឈានមកដល់ ដូច្នេះសូមអំពាវនាវដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់នៅក្នុងខេត្តប៉ៃលិន ដែលជាអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវថែរក្សាសុខភាពជាចម្បង និងកុំធ្វើដំណើរផ្លូវឆ្ងាយ ដើម្បីកុំឱ្យអវត្ដមាននៅថ្ងៃបោះឆ្នោត ហើយត្រូវពិនិត្យមើលអត្ដសញ្ញាណប័ណ្ណ ឬឯកសារពាក់ព័ន្ធ និងត្រៀមលក្ខណៈផ្សេងៗ ទៀតគ្រប់គ្រាន់» ។

សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះ ឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត នៅទូទាំងប្រទេសមាន ក្រុង-ស្រុក ខណ្ឌចំនួន ២០៩, ឃុំ-សង្កាត់ ចំនួន១.៦៥២, ការិយាល័យបោះឆ្នោតចំនួន២០៩ និងមានអង្គបោះឆ្នោតចំនួន ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់ ដោយឡែកខេត្តប៉ៃលិន គឺមានក្រុង-ស្រុក ចំនួន២, ឃុំ-សង្កាត់ ចំនួន៨, ការិយាល័យបោះឆ្នោត ចំនួន២ និងមានអង្គបោះឆ្នោតសរុប ចំនួន៥២នាក់ ស្រី១៦នាក់ ក្នុងនោះអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាមានចំនួន៤៧នាក់ ស្រី១៥នាក់ ៕

CATEGORIES
Share This