ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាង១ម៉ឺនអង្គនាក់ ចូលរួមដង្ហែរក្បួន បុណ្យវិសាខបូជា

បាត់ដំបង ៖ ព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រមាណជាង១០០០០អង្គនាក់ បានចូលរួមដង្ហែរក្បួនក្នុងពិធីបុណ្យវិសាខបូជា ដែលប្រព្រឹត្តធ្វើឡើងនៅព្រឹក​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណវត្តពោធិ៍វាល ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនះ ក្រុង​បាត់ដំបង។

ក្នុងពិធីបុណ្យវិសាខបូជានេះដែរ ឯក​ឧត្ដម​ សុខ លូ អភិបាលខេត្តបាត់ដំបងបានមានប្រសាស្ត្រលើកឡើងថា ការដែលព្រះសង្ឃក៏ដូចជាថ្នាក់ដឹកនាំខេត្តបាត់ដំបងបានប្រារព្ធធ្វើពិធីបុណ្យវិសាខបូជានេះឡើង គោលបំណងដើម្បីរៀបចំសក្ការៈ​បូជា​ ក្នុង​ថ្ងៃ​ពេញ​បូរណ៍មី​  ខែ​ពិសាខ​ រំឭក​ដល់​ មហានក្ខត្តសម័យ​ ទាំង​បី​ដែលក្នុងនោះមាន៖ ទី១-ជា​ថ្ងៃ​ដែល​ព្រះពុទ្ធទ្រង់​ប្រសូត ។ ទី២-ជា​ថ្ងៃ​ដែលព្រះពុទ្អត្រង់ត្រាស់​ដឹង​ ។ ទី៣-គឺជាថ្ងៃដែលព្រះពុទ្ធទ្រង់បរិនិព្វាន​ ។

ពិធីបុណ្យវិសាខបូជានេះ ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាត់​ដំបង​ក៏​ដូចជា​ទូទាំង​ប្រទេស​ តែង​តែ​ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំទៅតាមទំនៀមទម្លាប់​ព្រះ​ពុទ្ធសាសនា​ ដែល​បាន​កំណត់​ត្រា​អោយ​ដឹង​ថា​ បុណ្យ​ពិសាខបូជា​ និយម​គោរព​ឡើង​តាំងពី​ឆ្នាំ​១៨១៧មកម្លេះ​ ហើយ​បុណ្យ​ពិសាខបូជា​នេះ​គឺ​ជា​បុណ្យ​ធំ​មួយរបស់ព្រះពុទ្ធសាសនា ដែល​ប្រទេស​និយម​កាន់​ព្រះ​ពុទ្ធសាសនា​ លើ​សកលលោក​ប្រារព្ធ​ពិធី​បុណ្យមួយនេះមិន​ដែល​ខកខានឡើយ។

ជាមួយគ្នាទៅនិងពិធីបុណ្យវិសាខបូជានេះដែរ ជាចុងក្រោយថ្នាក់ដឹកនាំខេត្តក៏ដូចជាពុទ្ធបរិស័ទ បានចូលរួមរាប់បាត្រប្រគេនដល់ព្រះសង្ឃចំនួន១០៦៨អង្គផងដែរ ៕
ដោយ ៖ សាលី

CATEGORIES
Share This