ដីសហគមន៍ព្រៃម្លោងជាច្រើនហិកតា ស្រុកគូលែន រកការទន្ទ្រានកាប់បំផ្លាញ ពីមន្ត្រីដឺបេពាក់សក្តិ៣ម្នាក់ យកទៅលក់ក្នុងតម្លៃ១៣០០- ១៥០០ដុល្លារ ក្នុង១ហិកតា

ព្រះវិហារ៖ បើយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង​ស្ថិតនៅ​ក្នុងភូមិក្តាក់ ឃុំភ្នំត្បែង ស្រុកគូលែន ត្រូវបានឈ្មោះក្រូច ប៊ុន គីម ជាមន្ត្រីយោធាដឺបេពាក់សក្តិ៣ នៅភូមិភាគ៤ បានប្រើអំណាច និងតួនាទីរបស់ខ្លួន កាប់រុករានទន្ទ្រានដី​សហគមន៍​ជាច្រើនហិកតា ដើម្បីយកទៅលក់ទៅឱ្យឈ្មោះ ហៀត អុល និងឈ្មោះ គៀង។

បើតាមការបញ្ជាក់របស់ឈ្មោះ ហៀត អុល បានឲ្យដឹងថា ដីនៅចំណុចព្រៃម្លោង ក្នុងភូមិក្ដាក់ ឃុំភ្នំត្បែង ស្រុកគូលែន គាត់ពិតជាបានទិញពីឈ្មោះ ក្រូច ប៊ុន គីមពិតប្រាកដមែន។ដីដែល​គាត់ទិញ​នោះមាន​ចំនួន ៦ ហិកតាកន្លះ ក្នុងមួយហិកតា តម្លៃ ១៣០០ដុល្លារ។លោកបានបន្តទៀតថា ការទិញលក់នេះ មានលិខិតទិញលក់ផ្ដិតមេដៃភាគីទាំងសង្ខារ។ឈ្មោះ ហៀត អុល បានបន្តទៀតថា លោក ក្រូច ប៊ុន គីម សន្យានឹងកាត់ប្លង់ជូនលោក។

ចំណែកម្ចាស់ដីម្នាក់ទៀតឈ្មោះ លោក គៀង បានឱ្យដឹងថា ដីនៅចំណុចខាងលើ រូបគាត់ក៏បាន​ទិញពី​ឈ្មោះ ក្រូច ប៊ុនគីមជាមន្ត្រីដឺបេម្នាក់នេះដែរ។លោកបានបន្តទៀតថា ដីដែលលោកទិញមាន ចំនួន៧ហិកតា ក្នុងមួយហិកតាមានតម្លៃ ១៥០០ដុល្លារ ហើយលោក ក្រូច ប៊ុន គីម ធនាឈូសឆាយ​ព្រៃឱ្យមួយស្អាត។

បើតាមពីប្រជាពលរដ្ឋ បានលើកឡើងថា លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣ បម្រើការងារ​នៅភូមិភាគ ៤ ម្នាក់នេះ​ មិនត្រឹមតែយកដីសហគមន៍ទៅលក់នោះទេ ថែមទាំងប្រើអំណាច​មកលើ​ប្រជាពលរដ្ឋ ទៅរំលោភយកដីប្រជាពលរដ្ឋ ដែលធ្លាប់អាស្រ័យផលកន្លងមក ជា​ច្រើនកន្លែង​ផងដែរ។ប្រជាពលរដ្ឋ បានបន្តទៀតថា ដីដែលពួកគាត់អាស្រ័យផលនោះ សុទ្ធតែមានឯកសារ និងមានសលាកបត្រទៀតផង។ ពាក់ព័ន្ធរឿងនេះ ប្រជាពលរដ្ឋក៏បានដាក់ពាក្យ​ប្ដឹងទៅកាន់​សាលាស្រុក​គូលែន ​ជាច្រើនដងផងដែរ តែលោក ក្រូច ប៊ុន គីម មិនបានចូលខ្លួនដោះស្រាយ​នោះទេ​គឺឲ្យប្រពន្ធអ្នកមកដោះស្រាយទៅវិញ។

ជាក់ស្ដែងនៅថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាលព្រៃឈើ​ស្រុកគូលែន​ បានដឹកនាំកម្លាំងមន្ត្រីសហគមន៍ព្រៃម្លោង រួមនឹងអ្នកសារព័ត៌មានជាច្រើនស្ថាប័ន បានចុះទៅដល់នៅចំណុចដីទីតាំងខាងលើនេះផ្ទាល់ លោក យឹម ប៊ុនថេន នាយសង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុកគូលែន ក៏បានឱ្យដឹងផងដែរថា ដីនៅចំណុចព្រៃម្លោងស្ថិតនៅ ភូមិក្តាក់ ឃុំភ្នំត្បែងស្រុកគូលែន ពិតជាដីនៅក្នុងដែនព្រៃសហគមន៍ព្រៃម្លោងពិតប្រាកដមែន។លោក បានបន្តទៀតថា លោកនឹងស្រង់ឈ្មោះបុគ្គល ដែលពាក់ព័ន្ធ និងបន្តនីតិវិធីទៅតាមច្បាប់។

យោងតាមឯកសារ ​ភស្តុតាង​ មន្ដ្រីជំនាញ ប្រជាសហគមន៍ រួមទាំងប្រជាពលរដ្ឋ ត្រូវបានរក​ឃើញថា ក្រោយពីការចុចយូភីអឹម (UPM) លើដីទីតាំងខាងលើនេះ ពិតជាលោក លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣ ​បម្រើការងារ​នៅភូមិភាគ ៤ ម្នាក់នេះ រំលោភយកដី​ព្រៃសហគមន៍​ពិតប្រាកដមែន ។ ​ប្រជាពលរដ្ឋ សង្ឃឹមថា ច្បាប់និងមានវិធានការទៅ​លើបុគ្គលម្នាក់នេះ​ កុំឲ្យ​ប្រើអំណាច​និង​តួនាទីគាបសង្កត់មកលើប្រជាពលរដ្ឋបន្ដទៀត។

សូមបញ្ជាក់ផងដែរថា ​​មន្ដ្រីជំនាញរដ្ឋបាលព្រៃឈើ​ស្រុកគូលែន​ រួមទាំងមន្ត្រីសហគមន៍ព្រៃម្លោង និងក្រុមអ្នកសារព័ត៌មានយើង ​បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ បានប្រទះឃើញព្រៃឈើ​រងការ​កាប់​បំផ្លាញ ដុតភ្លើងក្លាយទៅជាវាល​រហោស្ថានដ៏​គួរ​ឱ្យសង្វេក​​ គ្មាន​ការ​ទប់ស្កាត់ ​ឬ​បង្ក្រាប​ពី​មន្ត្រី​ពាក់ព័ន្ធនោះទេ​ ។

ក្រុមអ្នកសារព័ត៌មានយើង ជួបផ្ទាល់​ជាមួយប្រជាពលរដ្ឋ ​ដែលកំពុងដាំដំឡូង លើដីព្រៃរងការដុត​ភ្លើង​ផ្សែងហុយៗ ពួកគាត់ បានអះអាងថា​ ស៊ីឈ្នួលដាំដំឡូងឱ្យគេក្នុងមួយថ្ងៃ​តម្លៃ ២៥០០០រៀល ​ដោយពួកគាត់ ​មិន​បានបញ្ជាក់ថា​ បុគ្គលដែលគាត់ស៊ីឈ្នួលនោះ ​ជាអ្នក​នណានោះទេ ។

ដូច្នេះប្រជាពលរដ្ឋ​ ស្នើសុំ ​ដល់អង្គភាពយោធ​ភូមិភាគទី៤ ​និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត​ព្រះវិហារ ​ជួយ​រក​យុត្តិធម៌ ​និង​ដំណោះស្រាយ​ជូន​ពួកគាត់ផង ​ព្រោះ​ពួកគាត់​ប្រជាពលរដ្ឋស្លូតត្រង់ ​គ្មាន​សិទ្ធិអំណាច​អ្វីទៅតតាំងជាមួយ​មន្ត្រីយោធាពាក់សក្តិ៣ ​លោក ក្រូច ប៊ុនគីម ដែល​បាន​ប្រើ​ប្រាស់​អំណាច​មក​រំលោភ​បំពាន​យកដី​របស់ពួកគាត់​ ទាំងដែលដី​របស់ពួកគាត់មានសលាកបត្រ ។ សារព័ត៌មានខ្មែរពិត ទទួលការបកស្រាយ ពីភាគីពាក់ព័ន្ធ បើមានព្រឹត្តិកម្មណាមួយនោះ ដោយយោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា៕

លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣

(លោក ក្រូច ប៊ុនគីម ជាមន្ត្រីដឺបេ​ពាក់សក្តី៣)

CATEGORIES
Share This