រឹបអូសជីកសិកម្ម ៧៦៥ការ៉ុង ខណៈឈ្មួញកំពុងដឹកជញ្ជូន តាមរថយន្ត ០៥គ្រឿង
បាត់ដំបង ៖ កម្លាំងក្រុមការងារអធិការកិច្ច ជីកសិកម្ម និងថ្នាំកសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយលោក ឡុង ផន ជាអនុប្រធានមន្ទីរ និងសហការី ដោយមានការសហការពីកម្លាំងសមត្ថកិច្ចកងរាអាវុធហត្ថស្រុកភ្នំព្រឹក បានចុះធ្វើការបង្រ្កាបបទល្មើស សម្ភារៈកសិកម្ម ដឹកជញ្ជូនជីកសិកម្ម និងឃាត់បានរថយន្តចំនួន០៥គ្រឿង ខណៈក្រុមឈ្មួញកំពុងដឹកជញ្ជូន ចេញពីច្រកព្រំដែន
ប្រទេសថៃ។
លោក ឈឹម វជ្ជរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានឲ្យដឹងថា កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១៨ និង៣០នាទីយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រោមការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ ជាលទ្ធផលមន្ត្រីជំនាញ ឃាត់បានរថយន្តចំនួន០៥គ្រឿង ដែលមានជីកសិកម្ម សរុបចំនួន ៧៦៥ការ៉ុង ក្នុងនោះមានជីធម្មជាតិ និងជីគីមី ដែលជាប្រភេទជីកសិកម្មល្មើសច្បាប់ គ្មានការចុះបញ្ជីការនាំចូល និងផ្គត់ផ្គង់ចែកចាយដោយគ្មានលិខិតអនុញ្ញាតិ ស្របទៅតាមច្បាប់នៃការគ្រប់គ្រងថ្នាំ និងជីកសិកម្ម ពីក្រសួងកសិកម្ម ។
បច្ចុប្បន្ន មន្រ្តីជំនាញ កំពុងធ្វើការសាកសួរបន្ថែម និងធ្វើកំណត់ហេតុ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សាលី