សម្តេច​ ​នាយករដ្ឋមន្ត្រី ​​ដាក់បទ​ប​ញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​មេក្លោង​ជួញដូរ​គ្រឿងញៀន ​និង​បង្ក្រាប​ឱ្យ​ដល់​ឫសគល់

131

ភ្នំពេញ ៖ សម្តេច​តេជោ ​នាយករដ្ឋមន្ត្រី​ ​ដាក់​បទ​បញ្ជា​​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ ទាំងអស់ បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្តាញ​មេក្លោង​ជួញដូរ​សារធាតុ​ញៀន និង​ធ្វើការ​បង្ក្រាប ​ឱ្យបាន​ដល់​ឫសគល់ ដោយ​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ ​ខណៈ​បញ្ហា គ្រឿង​ញៀន​នេះ ​បាន​នឹង​កំពុង​រីក​រាលដាល​កាន់តែ​ច្រើន​ឡើង​រហូតដល់​ទី​ជនបទ នៃ​ប្រទេស​កម្ពុជា​។

យោង​តាង​សារាចរ​ណែនាំ ស្តីពី «​ការពង្រឹង​ការអនុវត្ត​វិធានការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុស ច្បាប់​» ​ដែល​ទទួលបាន នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា នេះ ​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​បញ្ជាក់​ថា តាមរយៈ ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ របស់​រាជរដ្ឋាភិបាល ចំនួន​៥​លើក​ជា បន្តបន្ទាប់​នោះ ​កងកម្លាំង​អនុវត្ត​ច្បាប់ ​អាជ្ញា​ធរមាន​សមត្ថកិច្ច ​និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​សហការគ្នា​បង្កើត ​បានជា​ចលនា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​យ៉ាង​សស្រាក់សស្រាំ ​និង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។ ប៉ុន្តែ​ប្រការ​ដែល​ត្រូវ​បាន​កត់​សម្គាល់ឃើញ​នោះ​គឺ ​សកម្មភាព​លប​លួច​នាំ​ចូល​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លង ​កាត់ ការ​លួចលាក់​កែច្នៃ​សារធាតុ​ញៀន ​នៅតែ​កើតមាន​ឡើងជា​បន្តបន្ទាប់ ​និង​មាន​រូបភាព​កាន់តែ​ធំ​។

សម្ដេច​តេ​ជោ បានបញ្ជាក់​ទៀតថា ដើម្បីឱ្យ​វិធានការ​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន មាន​ប្រសិទ្ធ ភាព​បំផុត​នោះ ភាគី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចាត់វិធានការ​បង្ការ​ទប់ស្កាត់​ការនាំ​ចូល ការដឹកជញ្ជូន ឆ្លងកាត់ ការ​លួចលាក់​កែច្នៃ​-​ផលិត​សារធាតុ​ញៀន និង​ការជួញដូរ​-​ប្រើប្រាស់​សារធាតុ​ញៀន ដោយ​បន្ត ពង្រឹង​ការគ្រប់គ្រង ត្រួតពិនិត្យ​ការឆ្លងកាត់​ព្រំដែន ​និង​ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ រួមទាំង​បញ្ញើ ប្រៃសណីយ៍​ ឱ្យបាន​ហ្មត់ចត់​ និង​ម៉ឺងម៉ាត់​។ ជំរុញ​ការស្រាវជ្រាវ ស៊ើបអង្កេត​រក​ខ្សែរយៈ​បណ្ដាញ​មេក្លោង ​ជួញដូរ​សារធាតុ​ញៀន និង​ធ្វើការ​បង្ក្រាប​ឱ្យដល់​ឫ​គល់ ព្រមទាំង​បន្ត​ពន្លាត​នីតិវិធី​ឈានដល់​ការបង្ក្រាប ​បទល្មើស​សម្អាត​ប្រាក់​ ដែលជា​ផល​នៃ​បទល្មើស​គ្រឿងញៀន​ ដោយ​ត្រូវ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង ក្របខណ្ឌ​តំបន់ និង​អន្តរជាតិ​។

ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ​បាន​ចំនួន​ជាង​៥​ពាន់​ករណី បើ ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន មានការ​កើន​ឡើង​ជាង​១​ពាន់​ករណី ​ឃាត់ខ្លួន​មនុស្ស ​ចំនួន​ជាង​១​ម៉ឺន​នាក់ កើន​ចំនួន​ជិត​ពីរពាន់​នាក់ ​ក្នុងនោះ​ មាន​ជនបរទេស​១៧៧​នាក់ ស្មើនឹង​១៥​ជនជាតិ​។ គ្រឿងញៀន ​ចំនួន ជាង​២០០​គីឡូក្រាម ​ត្រូវ​បាន​ដក​រឹបអូស ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំមុន មានការ​ថយ​ចុះ​៨០​គីឡូក្រាម​៕

ចំណែក