ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន៥០គ្រួសារក្នុងស្រុកកំរៀងទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហម
បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានអញ្ចើញចុះជួបសំណេះសំណាលនិងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៥០គ្រួសារ (ក្នុងនោះប៉ើងដំបូលទាំងស្រុងចំនួន ១១ខ្នងផ្ទះ និងប៉ះពាល់ធ្ងន់ធ្ងរចំនួន ៣៩ខ្នងផ្ទះ) ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងឱកាសជួបសំណេះសំណាលនាពេលនោះ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបងបានមានប្រសាសន៍ថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនិងផ្គររន្ទះ អាចបង្ករជាគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វគ្រប់ៗគ្នា ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមមេត្តាថែទាំសុខភាពឱ្យបានល្អ ពិសេសកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិតមកដល់ ម្យ៉ាងវិញទៀតបើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះឬព្យាបាលបានទាន់ពេលវេលា ។
អំណោយដែលត្រូវផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ,អង្ករ ២៥គីឡូក្រាម, មី ០១កេស,ទឹកត្រី០១យួ,ទឹកស៊ីអ៊ីវ០១យួរ ទឹកបរិសុទ្ធ០១កេស ,ត្រីខ១០កំប៉ុង , ឃីត០១កញ្ចប់(មុង ក្រមា) ដោយឡែកគ្រួសារងគ្រោះរលំទាំងស្រុងបន្ថែមសំពត់តង់០១ផងដែរ។