ដួលព្រះភូមិខាងមុខផ្ទះ សង្កត់ក្មេងប្រុសម្នាក់ ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានព្រះភូមិខាងមុខផ្ទះធ្លាក់សង្កត់ពីលើ នៅវេលាម៉ោង.១១និង០០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ នៅចំនុចក្រុមទី២០  ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា សាកសពក្មេងរងគ្រោះឈ្មោះ សាវ វណ្ណះឧត្តម ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ នៅមុនពេលកើតហេតុ ខណៈដែលឪពុកម្តាយមិនបាននៅផ្ទះ ក្មេងរងគ្រោះ និងបងប្អូន២នាក់ផ្សេងទៀត បាននាំគ្នារត់លេងនៅមុខផ្ទះជុំវិញព្រះភូមិ ក្រោយមកក៏មានការភ្ញាក់ផ្អើលស្រែកឆោឡោ ទើបឈ្មោះ ឡេន ដូច អាយុ៣៥ឆ្នាំ ដែលត្រូវជាបងប្រុសជីដូនមួយ ចេញពីផ្ទះទៅមកក៏ឃើញក្មេងរងគ្រោះ រងរបួសបែកមុខមាត់ដោយសារព្រះភូមិធ្លាក់មកត្រូវ និងបានដាច់ខ្យល់ស្លាប់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យកោសល្យវិច័យ និងបានសន្ឋិដ្ឋានថា ក្មេងរងគ្រោះពិតជាស្លាប់ ដោយសារព្រះភូមិធ្លាក់សង្កត់ពីលេីពិតប្រាកដមែន បន្ទាប់មកក៏បាមធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារដើម្បីរៀបចំធ្វើកិច្វតាមប្រពៃណី៕
ដោយ ៖ សាលី

CATEGORIES
Share This