រដ្ឋបាលខេត្តបន្ទាយមានជ័យ អបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៤

បន្ទាយមានជ័យ ៖ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធី អបអរសាទរខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភាឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា គឺជា ស្ថាប័នមនុស្សធម៌បំពេញតួនាទី ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ក្នុងវិស័យមនុស្សធម៌ស្របតាមយុទ្ធសាស្ត្រ ២០២០-២០៣០ របស់កាកបាទក្រហមកម្ពុជា ។  ជាក់ស្តែង ចាប់ពីខែឧសភា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤នេះ សាខាបានយកចិត្តទុកដាក់បង្កើនកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន និងផ្នែកពាក់- ព័ន្ធ ក្នុងការឆ្លើយតបផ្តល់អំណោយដល់គ្រួសាររងគ្រោះនិងងាយរងគ្រោះ បានចំនួន៨៨០គ្រួសារ ក្នុងនោះមានខ្យល់កន្ត្រាក់, ទឹកជំនន់, អគ្គិភ័យ, ស្លាប់ដោយលង់ទឹក និងគ្រួសារក្រីក្រ ។ អំណោយជាថវិកា ឬសម្ភារៈ ដែលសាខាទទួលបានពីការបរិច្ចាគនេះ ។

លោក ង៉ោ ម៉េងជ្រួន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានឡើងអានសារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” មានគោលបំណងសំខាន់ បង្ហាញពីការប្តេជ្ញាចិត្តរបស់កាកបាទក្រហមកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងពង្រឹង និងពង្រីក ការអប់រំផ្សព្វផ្សាយ ស្តីពី ការថែទាំសុខភាពបឋមតាមសហគមន៍ និង ពង្រឹងភាពធន់នឹងអាកាសធាតុ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការគន្លឹះនានា ជាពិសេសក្នុងរដូវប្រាំងឆ្នាំនេះ ដែលកម្ដៅកើនឡើងខ្ពស់ មិនធ្លាប់ដែលមាន ដើម្បីពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសាកល ធានាសុវត្ថិភាពសុខភាព និងការលើកកម្ពស់សុខុមាលភាព និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ឌិត ទីណា  បានមានប្រសាសន៍ថា ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងការបាត់បង់ដែលមិនធ្លាប់មានពីមុនមក សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម កំណត់យកប្រធានបទ “ថែរក្សាមនុស្សជាតិ ឱ្យរស់រានមានជីវិត” សម្រាប់ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ដែល បង្ហាញអំពីការចូលរួមយ៉ាងក្រៀមក្រំជាមួយអ្នករងគ្រោះ និងងាយរងគ្រោះ នៅទូទាំងពិភពលោក ព្រមទាំង ជំរុញការចូលរួមលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សម្រាលទុក្ខលំបាក និងពង្រីកការផ្តល់ជំនួយ មនុស្សធម៌ដល់ប្រជាជន ដែលកំពុងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ធ្ងន់ធ្ងរ ជាពិសេស នៅតំបន់ដាច់ស្រយាល និងតំបន់ពិបាកទៅដល់ ។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានចូលរួមបរិច្ចាគនូវធនធានថវិកា ពីសំណាក់សប្បុរសជន ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ដែលតួលេខបឋម សរុបបានចំនួន ជាង២១ម៉ឺនដុល្លាអាមេរិក ៕

CATEGORIES
Share This