ឯកឧត្តម ស សុខា ៖ ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោក អោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ក្នុងទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៥ ឯកឧត្តមបានមានប្រសាសន៍ថា ទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក គឺ ដើម្បីក្រើនរំលឹកដល់ប្រជាពលរដ្ឋទូទាំងពិភពលោក ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងកម្ពុជា អោយយកចិត្តទុកដាក់ក្នុងការលើកកម្ពស់វិស័យសុវត្ថិភាពចរាចរណ៍ ដែលឆ្នាំនេះគឺជា ឆ្នាំលើកទី១៥ ដែលប្រទេសកម្ពុជារបស់យើង រួមជាមួយប្រទេសនានា បានប្រារព្ធពិធីនេះឡើងក្រោមការលើកទឹកចិត្តឧបត្ថម្ភគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានចេញសេចក្តីសម្រេចជាផ្លូវការ ក្នុងការប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំ សំដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កមហន្តរាយ ដល់អាយុជីវិត និងខូចខាតទ្រព្យសម្បត្តិផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា ពិធីនេះគឺជាសកម្មភាពមួយ នៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបបំបាត់ទុក្ខលំបាក និងភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក៏ដូចជា ការសម្តែងនូវឆន្ទៈ ក្នុងការចូលរួមជាមួយសហគមអន្តរជាតិក្នុងការអនុវត្តអោយបានជោគជ័យ នូវផែនការសកម្មភាពទស្សវត្សចរាចរណ៍ផ្លូវគោក២០២១-២០៣០ របស់អង្គការសហប្រជាជាតិ ដែលជារៀងរាល់ឆ្នាំ ករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នៅតែជាបញ្ហាប្រឈមចម្បងក្នុងចំណោមគ្រោះថ្នាក់សង្គមនានា ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា រាជកាលទី៧នេះ បានកំណត់ និងជម្រុញលើកទឹកចិត្តបន្ថែមទៀត អោយគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធពិធីទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះឡើង ដើម្បីក្រើនរំលឹកពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋអោយយកចិត្តទុកដាក់ គោរពច្បាប់ និងទទួលខុសត្រូវក្នុងការប្រើប្រាស់ផ្លូវអោយមាន សីលធម៌ អាធ្យាស្រ័យ គ្នាទៅវិញទៅមក។

បន្ថែមពីនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្នុងនាមគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវទៅដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ សូមបន្តឆន្ទៈ គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវ និងអនុវត្តគោលការណ៍សំខាន់ៗ រួមមាន ៖ បើកបរអោយបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់, ត្រូវមានសីលធម៌ក្នុងការបើកបរ, មិនត្រូវបើកបរលើសល្បឿនកំណត់, មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង គ្រឿងញៀន ឬពេលងងុយគេង, ត្រូវពាក់មួកសុវត្ថិភាពជានិច្ច នៅពេលធ្វើដំណើរតាម ទោចក្រយានយន្ត, ត្រូវពាក់ខ្សែក្រវាត់, ត្រូវប្រកាន់ស្តាំ, ត្រូវបន្តត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជាប្រចាំ ៕
ដោយ ៖ សាលី

CATEGORIES
Share This