នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យប្រុសស្រី ០២នាក់ ជាមួយថ្នាំញៀនជាង១ម៉ឺនគ្រាប់
បន្ទាយមានជ័យ ៖ ជនសង្ស័យប្រុសស្រី ចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង ១ម៉ឺនគ្រាប់ ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលតែងបញ្ជាដល់ការិយាល័យជំនាញ សហការជាមួយគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ធ្វើកាស៊ើបអង្កេតរស្រាជ្រាវ រកបទល្មើសគ្រឿងញៀន តាមវិធានការជំនាញ ឲ្យដូចជាភ្លៀងរលឹម ជាលទ្ធផលនៅវេលាម៉ោង០៦ និង៤០នាទីល្ងាច ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាបន្តបន្ទាប់ រួមមាន ៖ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវសាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកហូតបាន ថ្នាំញៀនប្រភេទម្សៅម៉តពណ៌ស ចំនួន៤កញ្ចប់ទម្ងន់ ៣៤៨៧,៩ក្រាម ។ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំង PTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដកហូតបាន ជញ្ជីងសម្រាប់ថ្លឹងថ្នាំ ចំនួន០១ និងរថយន្ត១គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា នៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃដដែលដោយមានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ កម្លាំងជំនាញ បានបន្តឆែកឆេរបន្ទប់ពួកគេស្នាក់នៅ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញ ៖ ១-ម្សៅក្រាមស(ខេ) ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម, ២-ថ្នាំគ្រាប់អក្ស wy ចំនួន ១៩០៦១ គ្រាប់ ទម្ងន់ ១៨៥៧,៤៤ក្រាម, ៣-ជញ្ជីងចំនួន០២, ៤-គ្រាប់កាំភ្លើងខ្លី៣៣គ្រាប់, ៥-លុយខ្មែរ ចំនួន២៥ ០០០ ០០០ រៀល (ម្ភៃប្រាំលានរៀល), ៦-លុយបាតថៃ ចំនួន ៤០០០០ បាត (បួនម៉ឺនបាត) សរុបសារធាតុញៀនទាំអស់ទម្ងន់៦២០៩,៩៤ ក្រាម។
ក្រោយឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕