ចៅអធិការវត្តស្ទឹងគ្រញូង បិណ្ឌបាតពុទ្ធបរិស័ទ កុំកាប់ដើមឈើ និងទន្រ្ទានយកដីវត្ត បន្ទាប់ពីអាជ្ញាធរចុះពិនិត្យដោះស្រាយចប់
បាត់ដំបង ៖ ខណៈដីមានហាងឆេង ដីព្រៃគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅខាងក្រោយវត្តស្ទឹងគ្រញូង រាប់រយហិចតា កំពុងត្រូវបានជនខិលខូច និងខាងក្រុមហ៊ុន (មិនមានអ្នកស្គាល់ តែគេហៅគ្រប់គ្នាថា ដីក្រុមហ៊ុន) កំពុងឈូសឆាយ និងជួលពីពលរដ្ឋដាំដំឡូង រហូតឈូសឆាយកាប់ព្រៃឈើ ដាំបង្គោលរបងទន្រ្ទានយកដីធ្វើកម្មសិទ្ធិ ចូលដីវត្តស្ទឹងគ្រញូង និងដីភ្នំ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបងជាច្រើនហិចតា រហូតធ្វើអោយព្រះសង្ឃ និងគណៈកម្មការ អាចារ្យវត្ត សុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរស្រុក ដើម្បីទាមទារយកមករក្សាទុកឡើងវិញ។
តាមសង្ឃដីការរបស់ព្រះគ្រូចៅអធិការវត្តស្ទឹងគ្រញូងព្រះនាម ឌី សាវេត ចាប់តាំងពីដើមឆ្នាំ២០២៤ មានសកម្មភាពឈូសឆាយដីព្រៃ ពីសំណាក់ជនខិលខូចជាច្រើន នៅខាងក្រោយដីព្រៃរបស់វត្ត រហូតចូលដល់ដីព្រៃរបស់វត្ត ម្តងជាពីដង ទោះជាព្រះអង្គបានសុំកិច្ចអន្តរាគមន៍ ពីអាជ្ញាធរខេត្ត និងស្រុកក៏ដោយ ក៏នៅតែមានការលួចឈូសឆាយ បោះបង្គោលចូលដីវត្ត។ដោយមានការបិណ្ឌបាត និងស្នើសុំពីព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្តស្ទឹងគ្រញូង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សោម មុន្នី និងលោក ហែម ស៊ីណាក់ អភិបាលរង នៃគណៈអភិបាលស្រុកសំឡូត និងមន្ត្រីជំនាញ ដោយមានការសហការពីមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស និងអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យដល់ទីតាំង និងបានស្វែងរកជនពាក់ព័ន្ធខាងលើ មកធ្វើការណែនាំដោយអោយព្រមព្រៀង ផ្តិតមេដៃ ឈប់ធ្វើសកម្មភាព និងបានប្រគល់ដីអោយខាងវត្តគ្រប់គ្រងឡើងវិញ។
ជាមួយគ្នានេះ ព្រះចៅអធិការវត្តស្ទឹងគ្រញូង ក៏បានចម្រើនពរថ្លែងអំណរគុណ ទៅដល់រដ្ឋបាលទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក ដែលបានខ្នះខ្នែងជួយដោះស្រាយដីវត្តដែលជនខិលខូច បានឈូសឆាយ និងដាក់របងរំលោភយក ដែលលទ្ធផលទទួលបានជោគជ័យ ដោយភាគីខាងរំលោភ យកបានព្រមព្រៀងផ្តិតមេដៃ និងដករបងចេញ ប្រគល់ដីមកអោយខាងវត្តរក្សាទុកវិញ និងសូមបិណ្ឌបាតទៅដល់ពុទ្ធបរិស័ទទាំងអស់ ចូលរួមត្រេកអរ ដែលវត្តមានដីធំ ព្រោះវត្តមិនមែនជារបស់ព្រះសង្ឃ មិនមែនជារបស់អាចារ្យគណៈកម្មការទេ គឺជាវត្តរបស់យើងទាំងអស់គ្នា ដូច្នេះយើងត្រូវខំថែរក្សាទាំងអស់គ្នា។
ដោយឡែកបើតាមការលើកឡើងរបស់ម្ចាស់ដី នៅតំបន់ខាងលើ បានអោយដឹងថា បច្ចុប្បន្នលុយពិបាករកតែដោយបានខាងឈ្មួយដំឡូងទទួលជួលដី ដាំនិងទិញដំឡូងមី ធ្វើអោយពលរដ្ឋបានការងារធ្វើ និងមានចំណូលពីការជួលដី និងដាំដំឡូងលក់៕