ផ្ទុះគ្រាប់ក្នុងឃ្លាំងផ្ទុកគ្រាប់ នៃទីបញ្ជាការយោធភូមិភាគទី៣ អាជ្ញាធរប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន
កំពង់ស្ពឺ ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានប្រាប់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងចៀសចេញឱ្យឆ្ងាយ គ្រាដែលឃ្លាំងផ្ទុកគ្រាប់ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ ដែលស្ថិតក្នុងភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងរងការឆាបឆេះ។
ការណ៍នេះធ្វើឡើងនៅម៉ោងប្រមាណ២ និង៣០នាទី រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ខណៈមានគ្រាប់ធុនតូចនិងធុនធំ កំពុងផ្ទុះបន្តបន្ទាប់។
យោងតាមសំដីសមត្ថកិច្ចនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅជុំវិញបរិវេណនៃទីបញ្ជាការយោធភូមិភាគទី៣ ត្រូវបានហាមឃាត់ការចរាចរណ៍ចេញចូល ប្រជាពលរដ្ឋរស់នៅជុំវិញនោះ ត្រូវបានជំលៀសចេញ អ្នករងរបួសជាច្រើននាក់ កំពុងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
សូមបញ្ជាក់ផងដែរថា នៅក្នុងហេតុការណ៍ផ្ទុះ និងឆេះឃ្លាំងផ្ទុកគ្រាប់នេះ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានចុះដឹកនាំបញ្ជាផ្ទាល់ដើម្បីអន្តរាគមន៍ក្នុងហេតុការណ៍នេះ ហើយសមត្ថកិច្ចមានអាវុធហត្ថ និងនគរបាល កំពុងបញ្ចេញរថយន្តពន្លត់អគ្គិសភ័យអន្តរាគមន៍បាញ់ពន្លត់ករណីនេះដែរ៕
ដោយ ៖ ប៊ុត សារុន