ស្វាយរៀង ៖ បន្ទាប់ពីជំនន់ទឹកភ្លៀង បានចាប់ផ្តើមថមថយចុះនៅតំបន់ទំនាបមួយចំនួន ក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្រុមកសិករបានផ្តើមធ្វើស្រែស្តាជួសជុលស្រូវឡើងវិញ ក្រោយពីជំនន់ទឹកបំផ្លាញស្រូវអស់ប្រមាណអស់ជាង១០០ ហិកតា ក្នុងភូមិចំនួន៤របស់ឃុំជាបណ្តើរៗហើយ ខណៈដែលភ្លៀងអាក់ខានបង្អុរនៅក្នុងមួយសប្តាហ៍កន្លងទៅនេះ ។
នៅថ្ងៃទី ១ ខែវិច្ឆិកាលោក សុខ ស៊ីថា មេឃុំ ចន្ទ្រា បានឲ្យដឹងថា បន្ទាប់ពីជំនន់ទឹកភ្លៀងបានថមថយចុះនៅក្នុងប៉ុន្មានសប្ដាហ៍នេះ ក្រុមកសិករនៅក្នុងភូមិចំនួន៤ របស់ឃុំ ដែលមានផ្ទៃដីស្រូវខូចខាត និងរងប៉ះពាល់ជំនន់ទឹកភ្លៀងនោះ បានចាប់ផ្តើមធ្វើស្រែជួសជុលស្រូវឡើងវិញជាបណ្តើរៗហើយនៅចុងខែតុលា និងដើមខែវិច្ឆិកានេះ។
លោក បន្តថា ឃុំ ចន្ទ្រា មានភូមិចំនួន ៤ ក្នុងជំនន់ទឹកភ្លៀងជនលិចនៅប៉ុន្មានសប្តាហ៍មុននោះ បង្កអោយពលរដ្ឋ ចំនួន១៩៥គ្រួសាររងប៉ះពាល់នូវការរស់នៅ និងសុខភាព សត្វពាហនៈរាប់រយក្បាលរងកង្វះចំណី ស្រូវចំនួន៤៧៣ហិចតា បានរងប៉ះពាល់នូវការលូតលាស់ និងស្រូវចំនួន១១៤ហិកតាផ្សេងទៀតរងការខូចខាតទាំងស្រុង។
របាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅក្នុងពេលខេត្តរងជំនន់ទឹកភ្លៀងមួយរយះតូច មានស្រូវប្រមាណជាង១ពាន់ហិកតាបានរងការខូចខាតទាំងស្រុង និងជាង ៦ពាន់ហិកតាផ្សេងទៀតបានរងប៉ះពាល់ និងមិនសូវលូតលាស់ល្អ ក្នុងនោះ ស្រុកដែលមានស្រូវប្រឈមខូចខាតធ្ងន់ធ្ងរជាងគេ គឺក្រុងស្វាយរៀង មានចំនួន ៤ពាន់៨៣២ ហិកតា រងប៉ះពាល់ និង៦១ហិកតាផ្សេងទៀតរងការខូចខាតទាំងស្រុង ស្រុកស្វាយជ្រំ មានចំនួន៤៥៨ហិកតារងប៉ះពាល់ និងចំនួន ១៤៧ហិកតារងការខូចខាត ស្រុករមាសហែករងប៉ះពាល់ចំនួន ៥៦៥ហិកតា ខូចចំនួន១៧ហិកតា ស្រុកចន្ទ្រាចំនួន៥៣៩ហិកតារងប៉ះពាល់ និងខូចចំនួន១១៤ហិកតា ស្រុកកំពង់រោទ៍រងប៉ះពាល់ និងខូចខាតទាំងស្រុងចំនួន ៧៩៧ហិកតា និងក្រុងបាវិត បានរងប៉ះពាល់ចំនួន១៥ហិកតា និងខូចទាំងស្រុងចំនួន១ហិកតា ៕