នគរបាលស្រុកតាលោសែនជ័យ ចាប់គោយន្តដឹកអុសស្រស់ ៤គ្រឿង បញ្ជូនឲ្យជំនាញអនុវត្តនីតិវិធី

ពោធិ៍សាត់ ៖ គោយន្តដឹកអុសស្រស់ ចំនួន៤គ្រឿង ត្រូវបានកម្លាំងនគរបាល នៃអធិការនគរបាលស្រុកតាលោសែនជ័យ ធ្វើការស្ទាក់ឃាត់ បញ្ជូនឲ្យមន្ត្រីជំនាញអនុវត្តន៍បន្តតាមនីតិវិធី ។

សេចក្តីរាយការណ៍ បានឲ្យដឹងថា ការស្ទាក់ឃាត់គោយន្តខាងលើ ធ្វើឡើងកាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៩ និង៥៥នាទី នៅចំណុច ខាងត្បូងខ្លោងទ្វារវត្តព្រះហស្ថក្បាល ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដោយកម្លាំងអធិការ ចំនួន០៣នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ចំនួន០២នាក់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ជា សុខុន អធិការរងនគរបាលស្រុកតាលោសែនជ័យ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានស្ទាក់ឃាត់ គោយន្តកន្ត្រៃចំនួន០៤គ្រឿង និងម្ចាស់គោយន្តចំនួន០៤នាក់ រួមមាន ៖ ១.ឈ្មោះ ផាត ភាព ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ, ២.ឈ្មោះ ស៊ន ធី ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ, ៣.ឈ្មោះ ធួន សំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ, ៤.ឈ្មោះ ទី ចន្ធី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាកាន ឃុំត្រពាំងជង ស្រុកបាកាន ។

តាមការរៀបរាប់ពីម្ចាស់គោយន្តខាងលើ បានឲ្យដឹងថា ពួកគាត់បានប្រមូលទិញ អុសម៉ែត្រ ពីប្រជាពលរដ្ឋ តាមផ្ទះ នៅភូមិព្រហស្ថតក្បាល នៃឃុំផ្ទះរុង ហើយពួកគាត់បានដឹកអុសចំនួន០២ជើងមកហើយ មុនចូលឆ្នាំ១ជើង និងក្រោយចូលឆ្នាំ១ជើង ដើម្បីយកទៅលក់នៅសិប្បកម្មឡឥដ្ឋ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ក្រោយស្ទាក់ឃាត់ និងសាកសួរ ទាំងម្ចាស់គោយន្ដ និងវត្ថុតាងអុសម៉ែតខាងលើ សមត្ថកិច្ចបានបញ្ជូនឲ្យខាងមន្ត្រីជំនាញ វ៉ាយអេដ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ ប៊ន សំណាង

CATEGORIES
Share This