បញ្ជូនជនជាតិថៃ​ម្នាក់ ទៅតុលាការ ករណីជួញដូរថ្នាំញៀនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន បញ្ជូនទៅតុលាការកាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធករណីជួញដូរថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត(Pittaya Boonprasert) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ ស្នាក់នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវកម្លាំងអាវុធហត្ថរបស់លោក ធ្វើការបង្ក្រាបឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ករណីនេះសមត្ថកិច្ច បានធ្វើការដកហូតនូវវត្ថុតាងមួយចំនួន ដូចជា ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០៤ថង់ (ថង់ធំ០១ និងកូនថង់តូច០៣) ស្មើនឹងទម្ងន់ ៩៨,៧០ក្រាម, ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿងចំនួន១១គ្រាប់ ទម្ងន់ ១,៤០ក្រាម និងសម្ភារៈមួយចំនួន ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បានឲ្យដឹងថា ក្រោយសាកសួរ ជនសង្ស័យ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

ដោយ ៖ សម្បត្តិ សីហា

CATEGORIES
Share This