អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅវិទ្យាល័យភ្នំស្រុក ស្ថិតក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានប្រារព្ធធ្វើពិធី អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ “ថែទាំភពផែនដីដើម្បីសុខភាពយើង”។ 

លោក អោម ចន្ថា អភិបាលរងតំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា មនុស្សជាអ្នកបំផ្លាញបរិស្ថាន ឥឡូវនេះបរិស្ថានបាននិងកំពុងបំផ្លាញយើងវិញហើយ ដូចជាខ្យល់កន្ត្រាក់ រាំងស្ងួត និងគ្រោះទឹកជំនន់ជាដើម ។ ដូចនេះ ការប្រារព្ធទិវានេះ គឺជា ការអះអាងបញ្ជាក់ថា មនុស្សគ្រប់រូបមានសិទ្ធិសេរីភាព ក្នុងការទទួលយកពីធម្មជាតិ នូវខ្យល់ស្អាតសម្រាប់ដកដង្ហើម ទឹកស្អាតសម្រាប់ទទួលទាន មានដីស្អាតសម្រាប់បង្កបង្កើនផល នឹងមានសមធម៌ក្នុងការបែងចែក ភោគផលពីធម្មជាតិ ហើយមនុស្សម្នាក់ៗ មានសិទ្ធិចូលរួមអនុវត្តវិធានការការពារថែរក្សាបរិស្ថាន ទាំងគុណភាព និងបរិមាណ ។ ហើយត្រូវចាត់ទុកថាការរស់នៅ ប្រកបដោយចីរភាព ការអភិរក្សជីវៈចម្រុះ និងកិច្ចគាំពារបរិស្ថានជាការកិច្ចយើងទាំងអស់គ្នា ។ 

លោកបន្តថា បញ្ហាបរិស្ថាន គឺជា បញ្ហាប្រឈមដ៏ចំបងមួយ ដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ។ ទន្ទឹមនេះពិភពលោកកំពុងអនុវត្តយន្តការ ស្អាតបី គឺ ទឹកស្អាត ដីស្អាត និងខ្យល់ស្អាត (គឺហូបស្អាត ផឹកស្អាត រស់នៅស្អាត) ។  

លោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍ អំពាវនាវដល់ប្អូនៗកូនក្មួយ ដែលជាទំពាំងស្នងឫស្សី សូមទទួលបាននូវការយល់ដឹងប្រកបដោយវិចារណញ្ញាណ និងមនសិការខ្ពស់ ឈប់បំផ្លាញបរិស្ថាន ទោះដោយចេតនាក្ដី ឬអចេតនាក្ដី ក្នុងក្ដីរំពឹងរបស់អ្នកជំនាន់ក្រោយ រស់នៅដោយផាសុខភាព សំបូររុងរឿងនិង មានសុភមង្គល ៕

CATEGORIES
Share This