ឯកឧត្តម ស សុខា ជួបជាមួយពលករកម្ពុជាត្រឡប់ពីថៃ និងអញ្ជើញបើកការដ្ឋានសាងសង់អគារប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខពលករកម្ពុជាត្រឡប់ពីថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋាន សាងសង់អគារស្នាក់នៅ និងបន្ទប់ធ្វើការថ្មីរបស់កងកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមាមប្រសាសន៍ទៅកាន់ពុកម៉ែបងប្អូនជាពលករខ្មែរ ដែលបានវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកម្ពុជាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានសម្របសម្រួលជាមួយរដ្ឋាភិបាលថៃដល់ការវិលត្រឡប់មកស្រុកកំណើត របស់ពលករ កម្ពុជា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណី ជាតិខាងមុខ រាជរដ្ឋាភិបាលនៃប្រទេសថៃឡង់ដ៍ តាមរយៈប្រកាសរបស់ក្រសួងមហាផ្ទៃថៃ បានលើកលែង តម្លៃសេវាអនុញ្ញាតចេញ–ចូល (Re-Entry Permit) សម្រាប់បងប្អូនពលករកម្ពុជា ដែលធ្វើដំណើរចេញ–ចូលប្រទេសថៃចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ។
ក្រៅពីការសម្របសម្រួល ធ្វើយ៉ាងណាអោយបងប្អូនបានមកស្រុកកំណើរឆាប់រហ័ស អាជ្ញាធរនិងសមត្ថកិច្ចនៅច្រក ក៏បានធ្វើការចែកស្បៀង អាហារ មានដូចជា នំបុ័ង ទឹកបរិសុទ្ធ និងវត្ថុអនុស្សាវរីយ៍ ជាក្រមា១ក្នុង ម្នាក់ផងដែរដល់បងប្អូន ។
សូមបញ្ជាក់ថា ចាប់តាំងពីដើមខែមេសា អាកាសសធាតុនៅខេត្តបន្ទាយមានជ័យ មានភាពក្តៅខ្លាំង មិនមានភ្លៀង ស្រាបតែនៅថ្ងៃទី៩នេះ ចំពេលវត្តមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញមក ស្រាប់តែភ្លៀងជោគជាំតែម្តង៕