កម្ពុជា​បង្ហាញ​គម្រោង រៀបចំ​ធ្វើ​ឲ្យ​ប្រសើរឡើង​ ការដឹក​ទំនិញ​ឆ្លងកាត់​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ​និង​ថៃ

110

ភ្នំពេញ ៖ ​កម្ពុជា រៀបចំ​គម្រោង ការធ្វើឱ្យ​ប្រសើរឡើង ច្រកទ្វារព្រំដែន​អន្តរជាតិ​ធំៗ ​ចំនួន ៤ កន្លែង ក្នុង​គោលដៅ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ការ​ដឹក​ទំនិញ​ឆ្លងកាត់​ច្រក​ព្រំដែន​រវាង កម្ពុជា​-​វៀតណាម​ និង​កម្ពុជា​-​ថៃ ​ជាពិសេស ការសម្រួល​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​។

កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ភស្តុភារ​កម្ម​លើក​ទី ២ ត្រូវបាន​ធ្វើឡើង នៅ​ថ្ងៃទី​២៦ ខែតុលា ក្រោម​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភស្តុភារ​កម្ម ដើម្បី​ពិនិត្យ​វឌ្ឍនភាព ​នៃ​ការរៀបចំ​សំណើ​គម្រោង “​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​អន្តរជាតិ ​បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​។

ថ្លែង​នៅក្នុង​អង្គប្រជុំ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ករ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ​បាន​មានប្រសាសន៍ថា ​ក្រសួង​បាន​ធ្វើ​ការពិភាក្សា​លើ​សំណើ​គម្រោង​បន្ទាន់ ​ដែល​រួមមាន ៧ គម្រោង​ និង​សំណើ​គម្រោង​រយៈពេល​ខ្លី ចំនួន ៨ គម្រោង ។ ​គម្រោង​ទាំងនេះ​ ត្រូវបាន​រៀបចំឡើង​សំដៅ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ច្រកព្រំដែន​ កម្ពុជា​-​វៀតណាម និង​កម្ពុជា​-​ថៃ ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់ ។

ឯកឧត្ដម ស៊ុន ចាន់ថុល បញ្ជាក់​បន្ថែមថា ​ក្រសួង​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​សិក្សា និង​រៀបចំ​គម្រោង​ចំនួន​៤៣ ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ទាំង​ផ្នែក​ទន់ ​និង​ផ្នែក​រឹង​ នៅតាម​ច្រកទ្វារ​អន្តរជាតិ​ដ៏ទៃទៀត ​ក្នុងទិសដៅ​កាត់បន្ថយ​ភាព​ស្មុគស្មាញ ​និង​ការ​កកស្ទះ​ចរាចរណ៍​នៅ​តំបន់​នោះ ដែល​នាំឱ្យ​រំខាន​ដល់​សង្វាក់​ពាណិជ្ជកម្ម​របស់​ពាណិជ្ជករ​។ ចំពោះ​ការពិនិត្យ​វឌ្ឍនភាព នៃ​ការរៀបចំ​សំណើ​គម្រោង “​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ច្រក​ទ្វារព្រំដែន​អន្តរជាតិ ​បាវិត​-​ម៉ុក​បៃ​, ប៉ោយប៉ែត​-​អារញ្ញ​ប្រាថេត​, ស្ទឹង​បត់​-​បាន​ណង​អៀន និង​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​”។

​ជុំវិញ​កិច្ចការ​ខាងលើ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​រៀបចំ និង​ផ្ដល់​ធាតុ​ចូល​សំខាន់ៗ​ សម្រាប់ គម្រោង​កែ​លម្អ​ច្រកទ្វារព្រំដែន កម្ពុជា​-​វៀតណាម​ និង​កម្ពុជា​-​ថៃ ឱ្យ​មាន​លក្ខណៈ​កាន់តែ​ប្រសើរ ដោយ​បាន​ណែនាំ​ឱ្យ​អង្គភាព​ពាក់ព័ន្ធ​ចាប់ផ្តើម​ អនុវត្ត​សំណើ​គម្រោង​ដែល​បាន​អនុម័ត​ហើយ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ផងដែរ ៕

ចំណែក