លោកជំទាវ បាន ស្រីមុំ សើ្នអាជីវករលក់ដូរ ចូលរួមថែរក្សាអនាម័យបរិស្ថាន ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ភ្នំយ៉ាត
ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ចើញជួបសំណេះសំណាលជាមួយបងប្អូនអាជីវករលក់ដូរនៅជើងភ្នំយ៉ាតក្បែរ អាស្រមលោកយាយ យ៉ាត នារសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ បានមានប្រសាសន៍ណែនាំដល់អាជីវករលក់ដូរទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដើម្បីបង្កើនសោភ័ណភាពតំបន់បេតិកភណ្ឌវប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ភ្នំយ៉ាត ជាពិសេស គឺទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុងខេត្ត ឱ្យបានកាន់តែច្រើន ដែលជាកត្តាមួយរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំសណ្តាប់ធ្នាប់និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំ ត្រៀម សម្រាប់ សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ដូចជា៖ការកសាងហេដ្ឋារចនាសម្ព័ន្ធការកែរលម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាតអនាម័យបរិស្ថាន នៅតាមទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឲ្យខេត្តប៉ៃលិនប្រែក្លាយជាខេត្តមួយមានការរីកចម្រើន និងមានទេសភាពស្រស់បំព្រង បរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍ សម្រាប់ថ្ងៃអនាគតផងដែរ ។
នៅក្នុងឱកាសនោះផងដែរ ។
លោកជំទាវ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ បងប្អូនអាជីវករលក់ដូរ នៅជើងភ្នំយ៉ាតក្បែរអាស្រមលោកយាយ យ៉ាត ទាំងអស់ត្រូវចេះសហការគ្នា យោគយល់គ្នាទៅវិញទៅមកបង្កើន សាមគ្គីភាព ឯកភាព ប្រកបដោយភាពស្និទ្នស្នាល និងការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវចូលរួមសហការ ជាមួយអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាពសាធារណៈក្នុងខេត្ត ក្នុងនាមជា ប្រជាពលរដ្ឋល្អផងដែរ ។
សូមបញ្ជាក់ថា ភ្នំយ៉ាត គឺជា រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត មួយដ៏ល្បីល្បាញនៅក្នុងខេត្តប៉ៃលិន ដោយមាន ទីតាំងស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ជាប់ផ្លូវជាតិលេខ៥៧ គឺជា បេះដូងនៃខេត្តប៉ៃលិន ដែលប្រជាពលរដ្ឋ និងអ្នកដំណើរទាំងឡាយដែលចេញ-ចូលមកខេត្តប៉ៃលិន តែងតែឆ្លងកាត់តាមជើងភ្នំយ៉ាត និងឡើងទៅលើភ្នំគយគន់សំណង់ ប្រវត្តិសាស្រ្ត ព្រមទាំងចូលអុជទៀនធូបដាក់កម្រងផ្កា ថ្វាយជូនរូបសំណាកលោកយាយយ៉ាត ដើម្បីបួងសួង សុំ សេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាព ក្នុងការធ្វើដំណើរទៅមក ទាំងដំណើរទីជិត និងទីឆ្ងាយ៕