ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ១៨គ្រួសារ នៅស្រុកបវេល ទទួលបានអំណោយកាកបាទក្រហមកម្ពុជា
បាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន១៨គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ក្នុងឱកាសនោះឯកឧត្តម សុខ លូ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកជំរាបជូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ដោយបានបញ្ជាក់ថា សម្តេចតែងតែយកចិត្តទុកដាក់និងគិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែងនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដែលបង្កឡើងដោយគ្រោះធម្មជាតិគឺខ្យល់កន្ត្រាក់នាពេលនោះ ដែលធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរហូតដល់ផ្ទះខ្លះត្រូវខ្យល់វាយឱ្យរលំដល់ដី ដែលបានបង្កនូវផលលំបាកក្នុងជីវភាពរស់នៅផងដែរ ។
បន្ថែមពីនេះឯកឧត្តម សុខ លូ បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅសូមមានការប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះធម្មជាតិដែលតែងតែកើតមានឡើងដោយមិនមានប្រាប់ឱ្យយើងដឹងមុននោះទេ ហើយក្នុងនោះជាបន្តបន្ទាប់ក្រសួងធនធានទឹកនិងឧតុនិយមតែងតែបានចេញសេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុ ដើម្បីឱ្យប្រជាពលរដ្ឋបានទទួលព័ត៌មានក្នុងការបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិផ្គរ រន្ទះដែលអាចកើតមានឡើងជាយថាហេតុផងដែរ ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន០១គ្រួសារទទួលបាន ៖,អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ០១កេស, មី០១កេស, ទឹកត្រី០១យួរ , ទឹកស៊ីអ៉ីវ០១យួរ , ត្រីខ០១យួរ , មុង០១ , ក្រមា០១ និងថវិកា១០ម៉ឺនរៀល ព្រមទាំងសង្ក័សីមួយចំនួនពីឯកឧត្តម ព្រួញ រិទ្ធិថា ប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានឃុំឃ្លាំងមាសផងដែរ។
គូបញ្ចាក់ថាៈចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋសរុប ៩៧ខ្នងផ្ទះ(ស្មើ៩៧គ្រួសារ) រលំទាំងស្រុក១១ខ្នង ធ្ងន់ធ្ងរចំនួន៤៨ខ្នង ប៉ះពាល់ដោយអន្លើចំនួន៣៩ខ្នងផ្ទះ៕
ដោយ ៖ សាលី