“រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល”

ភ្នំពេញ ៖ “រួមគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល”ជាប្រធានបទមួយក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលហៅកាត់ថា IPA។

ពិធីនេះប្រព្រឹត្តទៅពេញមួយថ្ងៃថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះនៅភោជនីយដ្ឋានទន្លេបាសាក់២រាជធានីភ្នំពេញ ក្រោមអធិបតីភាពបើកពិធីសន្និបាតដោយលោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគម ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកាប្រមាណ៧០០អង្គ/នាក់។

សន្និបាតសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ប្រព្រឹត្តទៅរយៈពេលពេញមួយថ្ងៃ ដោយនៅពេលព្រឹក អង្គសន្និបាត ពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈចំនួន៤ រួមមាន ១.ការពិនិត្យ និងអនុម័តរបាយការណ៍លទ្ធផលការ ងារឆ្នាំ២០២៣ ២.ការពិនិត្យ និងអនុម័តលើការធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ៣.ការពិនិត្យ និងអនុម័តលើការកែ សម្រួលបទបញ្ជាផ្ទៃក្នុងសមាគម និង៤.ការពិនិត្យ និងអនុម័តលើផែនការសកម្មភាពឆ្នាំ២០២៤ របស់សមាគម។ នៅពេលរសៀល ពិធីបិទសន្និបាតនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ។

លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ពេញមួយឆ្នាំ២០២៣ សមាគមបានកសាងកម្លាំងជាសមាជិកបានចំនួន៥០៨៤រូប អង្គភាពសារព័ត៌មាន៧៤អង្គភាព អង្គការ-សមាគមជាដៃគូ២៣ស្ថាប័ន ក្រុមហ៊ុន-សហគ្រាស-គ្រឹះស្ថានសិក្សាជាដៃគូ២៤ស្ថាប័ន និងបានចូលរួមធ្វើសកម្មភាពសង្គម មនុស្សធម៌ សាសនា ក្រោមការឧបត្ថម្ភរបស់លោក ស សុខា  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៧លើក។  សមាគម IPA ក៏បានសហការជាមួយសាកលវិទ្យាល័យធនធានមនុស្ស និងសារព័ត៌មានត្រយង បើកវគ្គបណ្តុះបណ្តាលខ្លីស្តីពីរបៀបសរសេរព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និងរបៀបរាយការណ៍ព័ត៌មាន ចំនួន២វគ្គ ដោយមានសិក្ខាកាមចូលរួមចំនួន ៩៥០អង្គ/នាក់ បានផ្តល់អាហារូបករណ៍ដល់សមាជិក សមាជិកា តាមរយៈគ្រឹះស្ថានសិក្សាដៃគូចំនួន៩៥នាក់ បើកវគ្គបណ្តុះបណ្តាលជំនាញគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា  ដល់សមាជិក សមាជិកាចំនួន៦វគ្គ ចូលរួមដាក់ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តព្រៃវែង ស្វាយរៀង និងខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំនិងផ្តល់យោបល់ផ្នែកអង្គការសង្គមស៊ីវិល ជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចំនួន ១៣លើក។

ក្រៅពីនេះ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងសមាជិក សមាជិកា ក៏បានចេញផ្សាយព័ត៌មានអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្សព្វផ្សាយ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសិវត្ថិភាព បានចំនួន ៥២ ៦៧៥ព័ត៌មាន ចេញផ្សាយព័ត៌មានអំពីឯកឧត្តមស សុខា និងក្រសួងមហាផ្ទៃ ចំនួន ២ ៦៧៩ព័ត៌មាន  ផលិតវីដេអូ និងរឿងអប់រំខ្លីស្តីពីចរាចរណ៍ និងគ្រឿងញៀន ចំនួន១២ឃ្លីប និងបានរៀបចំកាតសម្គាល់ខ្លួនសមាជិក សមាជិកា ជំហានទី១ ចំនួន ៥០០កាត។ នេះបើតាមលោក បណ្ឌិត ទូច វណ្ណៈ ដដែល។

ថ្លែងក្នុងពិធីបើក លោក អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ថ្នាក់ខណ្ឌ ស្រុក ក្រុង ព្រមទាំងសមាជិក សមាជិកាទាំងអស់ ដែលក្នុងរយៈពេល១ឆ្នាំមកនេះ បានខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ដោយហ៊ានលះបង់សព្វបែបយ៉ាង ទំាងវេលា និងថវិកាផ្ទាល់ខ្លួន បំពេញតួនាទី ភារកិច្ច ដោយមិនខ្លាចនឿយហត់ ដើម្បីរៀបចំដំណើរសមាគម។ លោក ចាត់ទុកថា នេះពិតជាបានបង្ហាញពីការសាមគ្គីគ្នា សហការគ្នាវិញជាធ្លុងមួយ ដើម្បីបំពេញបេសកកម្មរបស់សមាគមសារព័ត៌មានឯករាជ្យ ឱ្យឆ្ពោះទៅសម្រេចគោលដៅ និងទស្សនវិស័យរួមគ្នា។
លោក អ៊ូ វណ្ណា ក៏បានចាត់ទុកការជួបជុំគ្នារបស់អង្គសន្និបាតនាឱកាសនេះ ថា ជាវេទិកាដ៏មានសារៈសំខាន់សំរាប់ក្រុមគ្រួសារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យទាំងអស់ បានស្គាល់គ្នាផង  ពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍គ្នាផង ពិសេសបានចែករំលែកនូវទស្សនវិស័យរួមសម្រាប់អនាគត ក្នុងន័យចូលរួមចំណែកបណ្តុះបណ្តាល និងពង្រឹងប្រព័ន្ធវិស័យព័ត៌មានមួយ ដែលមានក្រមសីលធម៌ មានជំនាញច្បាស់លាស់ មានវិជ្ជាជីវៈត្រឹមត្រូវនិងមានគុណតម្លៃនៃសារព័ត៌ មាន សម្រាប់មនុស្សទូទៅ និងសង្គមជាតិ។

សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បង្កើតឡើងក្នុងគោលបំណង ដើម្បីចងក្រងអង្គភាពសារសារព័ត៌មាន និងកៀរគរអ្នកសារព័ត៌មាន សិស្ស និស្សិត យុវជន ពលរដ្ឋ រួមគ្នាពង្រឹងគុណភាពនៃការផ្សព្វផ្សាយនៅកម្ពុជា  ពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន  និងការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន បណ្តុះបណ្តាលជំនាញសារព័ត៌មាន ផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនិងជំរុញគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្សព្វផ្សាយសមិទ្ធផលនានារបស់ថ្នាក់ក្រោមជាតិ និងចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនក្រោមដំបូលនៃសន្តិភាពតែមួយ៕

CATEGORIES
Share This