សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារសិក្សា០១ខ្នងនៅអនុវិទ្យាល័យខ្នាចរមាស

ខេត្តបាត់ដំបង! សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា០១ខ្នងនៅអនុវិទ្យាល័យខ្នាចរមាស ក្នុងស្រុកបវេល ដែលមានកម្ពស់០២ជាន់ ស្មើ១០បន្ទប់។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី មានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំនេះរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវវិធានការនានាបានទាន់ពេលវេលាដើម្បីគ្រប់គ្រងឆ្លើយតបជាមួយនិងជំងឺកូវីដ១៩ និងផលប៉ះពាល់នានាបណ្តាលមកពីវិបត្តិនេះប្រកបដោយភាពស្វាហាប់ និងភាពបត់បែនជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលបានខិតខំទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការដាក់ចេញនូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ដែលជាវិធានការគន្លឹះការពារអាយុជីវិតប្រជាពលរដ្ឋពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ កម្ពុជាយើងនឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីជ្រើសរើសក្រុមប្រឹក្សា ជ្រើសរើសមេដឹកនាំ ឃុំសង្កាត់របស់ខ្លួនសំដៅបន្តអភិវឌ្ឍន៍ឃុំជាបន្តទៀត និងកុំជឿលើការ ឃោសនាណាមួយដែលផ្ទុយនិងច្បាប់ និងមាននិន្នាការបន្ទុចបង្អាក់ឬរំខានដល់ដំណើរការនៃការបោះឆ្នោត ព្រមទាំងការឃោសនាទាំងឡាយណាក្នុងន័យអវិជ្ជមានឬភូតកុហក បំភ្លៃការពិត ឬអុចអាលបង្កញុះញង់ដែលជាទង្វើអសីលធម៌ និងមិនផ្តល់ភាពរីកចម្រើនដល់សង្គមជាតិក៏ដូចជាភូមិឃុំរបស់យើង។

បន្ថែមពីនេះសម្តេចក្រឡាហោម ស ខេង ក៏បានជម្រុញអោយលោកគ្រូ អ្នកគ្រូ អាជ្ញាធរ និងមាតាបិតា បន្តយកចិត្តទុកដាក់ថែរក្សាបីបាច់ចិញ្ចឹមកូនអោយបានល្អ និងចូលរួមផ្តល់នូវការអប់រំ ទូន្មាន ប្រៀនប្រដៅកូននូវ សីលធម៌ល្អដោយប្រកាន់ភ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គមតាមរយៈការបំផុសចលនាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ពិសេសបន្តអនុវត្ត ៣កុំ ៣ការពារ និងចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសាលារៀន និងបង្កើនការអប់រំអំពីសុវត្ថិភាព សុខភាពសិស្ស ការរក្សាគម្លាត សុវត្ថិភាព និងសុវត្ថិភាពចំណីអាហារដល់សិស្ស និងបន្តយកចិត្តទុកដាក់គាំទ្រសុខភាពផ្លូវចិត្តនិងផ្លូវកាយរបស់សិស្សានុសិស្សដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ឬប្រយោលដោយសារជំងឺកូវីដ១៩។

CATEGORIES
Share This