មន្ត្រីជំនាញ ចុះផ្សព្វផ្សាយស្ដីពី ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្ស អនុវិទ្យាល័យជ្រោយស្តៅ
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដែលមានឯកឧត្តម សុខ លូ ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខាសហការជាមួយលេខាធិការដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា ដល់សិស្សានុសិស្សនៃអនុវិទ្យាល័យជ្រោយស្តៅ ក្នុងស្រុកថ្មគោល គោលដៅចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដើម្បីធ្វើការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវនានា ខណៈបញ្ហានេះបាននិងកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងសំខាន់សម្រាប់ប្រទេសកម្ពុជា ។
យុទ្ធនាការនេះមានគោលបំណង ដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសសិស្សានុសិស្សឱ្យមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមដងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងឱ្យបាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតមានឡើងជាយថាហេតុ ។
លោក សល់ សុទត្ត អនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបាត់ដំបង តំណាងឯកឧត្តម ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត បានសម្តែងនូវការព្រួយបារម្ភអំពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងបានសំណូមពរឱ្យអ្នកប្រើប្រាស់យានជំនិះគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាព ហើយក្នុងពេលធ្វើដំណើរត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យបានត្រឹមត្រូវនៅពេលបើកបររថយន្ត និងត្រូវពាក់មួកសុវត្ថិភាពនៅពេលធ្វើដំណើរតាមម៉ូតូដោយមិនគិតទីជិត ឬទីឆ្ងាយឡើយ ។
ជាមួយគ្នានេះក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក៏បានលើកឡើងពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមពាក្យស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»« យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា » « ប្តេជ្ញាឈប់ប្រើប្រាស់ប្លាស្ទិក» និងគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលវាផ្តល់ផលអាក្រក់ខ្លាំងដល់បរិស្ថាន និងសភាវៈមានជីវិតទាំងអស់នៅលើភពផែនដី ពិសេសធ្វើឱ្យផែនដីឡើងកំដៅ វាត្រូវការចំណាយពេលរហូតដល់ទៅរាប់សិបឆ្នាំទើបអាចរលាយបាន មិនតែប៉ុណ្ណោះការដុតកាកសំណល់ថង់ប្លាស្ទិកក៏មានផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងសុខភាពមនុស្ស សត្វផងដែរ ដោយនៅក្នុងផ្សែងដែលចេញពីការដុតនោះមានផ្ទុកសារធាតុឌីអុកស៊ីត ដែលជាភ្នាក់ងារបង្កជំងឺមហារីក និងបំផ្លាញស្រទាប់អូហ្សូន ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាន និងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ។
ក្នុងឱកាសនោះក្រុមការងារក៏បានណែនាំឱ្យសិស្សានុសិស្សទាំងអស់ចៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមកុំជឿតាមកាឪរអូសទាញពីមិត្តភ័ក្ត ឬនរណាម្នាក់ឡើយ សូមកុំចង់ដឹង ចង់សាកឱ្យសោះ ព្រោះថា គ្រឿងញៀនវាធ្វើឱ្យយើងបាត់បង់នូវសមត្ថភាព ក្នុងការពិចារណាថាអ្វីខុស អ្វីត្រូវ និងមិនអាចគ្រប់គ្រងខ្លួនឯងបាន ដែលឈានទៅដល់ការប្រព្រឹត្តនូវអំពើអប្បាយមុខផ្សេងៗ ធ្វើឱ្យប៉ះពាល់ដល់អនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ៕
ដោយ ៖ សាលី