អង្គការសង្គមស៊ីវិល និងពលរដ្ឋក្រុងបាត់ដំបង អំពាវនាវដល់ពលរដ្ឋទូទៅ ស្វែងយល់ពីគណនីភាពសង្គម ដើម្បីយល់ដឹងពីសិទ្ធិរបស់ខ្លួន ក្នុងការអភិវឌ្ឍមូលដ្ឋាន

បាត់ដំបង ៖ ដើម្បីអោយពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីគណនីភាពសង្គម ដែលស្របទៅតាមកម្មវិធីជាតិសម្រាបការអភិវឌ្ឍតាមលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិលដែលកំពុងគាំទ្រលើគម្រោងគណនីភាពសង្គម និងពលរដ្ឋក្រុងបាត់ដំបងបានអំពាវនាវដល់ពលរដ្ឋទូទាំងប្រទេស ស្វែងយល់ពីគណនីភាពសង្គម ដើម្បីយល់ដឹងពីសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍមូលដ្ឋាន។

ការអំពាវនាវនេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ក្នុងវគ្គសិក្ខាសាលានិងទស្សនះកិច្ចពីសំណាក់អ្នកសារព័ត៌មាន មកពីខេត្តជុំវិញបឹងទន្លេសាប លើកម្មវិធីគណនីភាពសង្គម ដែលប្រជាពលរដ្ឋ និងអាជ្ញាធរឃុំសង្កាត់ សាលារៀន មណ្ឌលសុខភាព នៅក្រុងបាត់ដំបង កំពុងអនុវត្តជាមួយគ្នាយ៉ាងល្អ ខុសពីមុនដែលពលរដ្ឋតែងខ្លាចអាជ្ញាធរ។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដោយអង្គការអមរា ក្រោមកិច្ចសហការគាំទ្រដោយអង្គការ Internews USAID fhi360 isac ស្តីពី ការផ្សព្វផ្សាយគណនេយ្យភាពសង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅក្នុង ក្រុងបាត់ដំបង ដែលមានការចូលរួមពីតំណាងអង្គការទាំងបួនខាងលើ រួមមាន ៖ លោកBishnu Sapkotab ប្រធានគម្រោងអង្គការ isac ,លោក ទន់ យូហៀង និងសេង សុខា រួមទាំងថ្នាក់ដឹកនាំអង្គការជាច្រើនរូបផ្សេងទៀត និងអ្នកសារព័ត៌មាន មកពីបណ្តាស្ថាប័ននានា វិទ្យុ ទូរទស្សន៍ និងគេហទំព័ ចូលរួមនៅ ក្នុងភោជនីយ៍ដ្ឋានមួយកន្លែង ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមការលើកឡើងរបស់លោកស្រី សាវី ដែត ប្រធានគម្រោង អង្គការអមរា បានបង្ហាញអោយដឹងថា ការចាប់ដៃគូរ រវាងអង្កការក្រៅរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយអ្នកសារព័ត៌មាន ពិតជាដើរតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយគណនេយ្យភាពសង្គម គឺបញ្ជ្រាបការយល់ដឹងរបស់បងប្អូនប្រជាពលរដ្ឋ អោយពួកគាត់បានពន្យល់ហើយទទួលបានសិទ្ធិពេញលេញ ក្នុងការយល់ដឹងសិទ្ធរបស់ខ្លួន ក្នុងការចូលរួមបញ្ជេញមតិ ការស្នើរសុំ ការចូលយោបល់ ការចូលរួមប្រជុំ ការធ្វើបច្ចុប្បន្នភាព គម្រោងផែនការអភិវឌ្ឍ និងការទទួលបានព័ត៌មាន ជាមួយឃុំសង្កាត់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានរួមគ្នា ។ គោលបំណងនៃការ ផ្សព្វផ្សាយគណនេយ្យភាពសង្គម ជូនដល់ប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋត្រូវដឹងពីសកម្មភាព ព័ត៌មានលក្ខណៈសម្បត្តិរបស់មណ្ឌលសុខភាព ក្នុងការបម្រើសេវាកម្មជូនប្រជាពលរដ្ឋដែលទទួលបានសិទ្ធ និងការយល់ដឹងអំពីសិទ្ធទទួលព័ត៌មាន របស់មន្រ្តីក្នុងការបំពេញការងារ និងសកម្មភាពរបស់សាលាបឋមសិក្សា  និងការយល់ដឹងអំពីសិទ្ធដែលត្រូវដឹងអំពីការចំណាយ និងចំណូលរបស់រដ្ឋបាលឃុំសង្កាត់ រួមទាំងសកម្មភាព ការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ ។សកម្មភាពរបស់អង្គការអមរា ដែលបានរៀបចំសហការជាមួយអាជ្ញាធរ ឃុំ សង្កាត់ បង្កើតជាគណៈកម្មាធិការ ផ.ស.រ.គ ដើម្បីជួយនៅតាមបណ្តាឃុំ សង្កាត់នីមួយៗ ដែលបានបង្កើតដោយក្រុមប្រឹក្សា ឃុំ សង្កាត់ តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្របតាមសេចក្តីណែនាំលេខ ៨៣០ របស់ គ.ជ.អ.ប  ដែលបានរៀបចំឡើងដោយមានសមាសភាពតូចធំ អាស្រ័យទៅលើ ឃុំ សង្កាត់ តូច ឬធំ ជាក់ស្តែង ក្នុងមួយគណៈកម្មាធិការ ផ.ស.រ.គមាន១ មេឃុំ ឬចៅសង្កាត់ ជាប្រធាន ២ ចៅសង្កាត់ទី២ ជាអនុប្រធាន ៣ អ្នកទទួលបន្ទុកកិច្ចការនារី ជាសមាជិក ៤ សមាជិកក្រុមប្រឹក្សាសង្កាតមួយរូបជាសមាជិក ៥ មន្រ្តីបង្គោលគណនេយ្យភាពសង្គមថ្នាក់ឃុំ សង្កាត់ ជាសមាជិកអចិន្រ្តៃយ៍ ៦ ស្មៀន ឃុំ សង្កាត់ ជាសមាជិក ៧ ប្រធាន ឬអនុប្រធានមណ្ឌលសុខភាព ជាសមាជិក  ៨ នាយក ឬនាយករងសាលាបឋមសិក្សា ជាសមាជិក ៩ តំណាងសហគមន៍ ឬប្រជាពលរដ្ឋ ៣ ទៅ៥ ជាសមាជិក ១០ អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ CAFs ជាសមាជិក ។សម្រាប់លទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងរបស់អង្គការអមរា គឺទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់ ពីសំណាក់អាជ្ញាធរ ឃុំ សង្កាត់ និងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួម ទាំងប្រុសទាំងស្រី ក្នុងកិច្ចការផ្សព្វផ្សាយសិទ្ធិដែលទទួលបាន និងបានធ្វើឲ្យប្រជាពលរដ្ឋមានការយលដឹងកាន់តែច្បាស់ ធ្វើឲ្យប្រជាពលរដ្ឋមានការសហការ និងភាពជិតស្និទជាមួយនិងអាជ្ញាធរឃុំ សង្កាត់ ដោយចាត់ទុកអាជ្ញាធរជាម៉ែជាឳ ចំណែកអាជ្ញាធរឃុំ សង្កាត់ក៏ទទួលបានការគាំទ្រ ការអភិវឌ្ឍន៍ ការចែករំលែកយោបល់ ការចូលរួមពីសំណាក់អង្គការដៃគូរក្រៅរដ្ឋាភិបាល និងទទួលបានលទ្ធផលល្អប្រសើរ ។
តាមរយៈការចុះផ្ទាល់ពីសំណាស់អ្នកព័ត៌មាន ជាមួយពលរដ្ឋ (ហៅថាអ្នកទទួលសេវា) ដែលទទួលបានការបណ្តុះបណ្តាលពីគ្រូបង្គោល នៃគម្រោងរបស់អង្គការអមរា ក៏ដូចជាមួយអ្នកផ្តល់សេវារួមមានអាជ្ញាធរឃុំ នាយកសាលា ប្រធានមណ្ឌលសុខភាព សុទ្ធតែបានយល់ច្បាស់ ពី គណនីភាពសង្គមនាំអោយតួអង្គទាំងពីរ បានខិតជិតគ្នាយ៉ាងរលូន។ តែទោះជាយ៉ាងណាអង្គការអមរា និងពលរដ្ឋនៅតែអំពាវនាវសូមអោយពលរដ្ឋគ្រប់រូប បន្តស្វែងយល់ពីគណនីភាពសង្គម ហើយហានបញ្ចេញមតិ។ ចំណែតអ្នកផ្តល់សេវា សូមបន្តផ្តល់សេវាជូនពលរដ្ឋ ដោយខិតចូលគ្នាដូចឪពុកម្តាយនិងកូន បើទោះបីគម្រោងការកែឆ្នៃប្រឌិតថ្មី សម្រាប់គណនីភាពសង្គមនៅកម្ពុជា បានបញ្ចប់នៅឆ្នាំ២០២៤នេះក៏ដោយ៕

CATEGORIES
Share This