អស់កង្វល់! សមត្ថកិច្ចព្រំដែនបានត្រៀមសម្របសម្រួលលំហូររពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេស តាមច្រកទ្វារព្រំដែន ក្នុងឧកាលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ប៉ោយប៉ែយ ៖ គណៈកម្មការចម្រុះដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានធ្វើការប្រជុំពិភាក្សារៀបចំផែនការ
ដើម្បីសម្របសម្រួល លំហូររបស់ប្រជាពលរដ្ឋ និងពលករខ្មែរចេញ-ចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិ ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ខាងមុខ។
ក្រុមការងារនេះរួមមានឯកឧត្ដម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវទីប្រឹក្សាក្រសួងការងារ នាយឧត្ដមសេនីយ៍ លោកឧត្ដមសេនីយ៍ អគ្គនាយករង អនុប្រធាននាយកដ្ឋាន អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោកនាយ នាយរងប៉ុស្តិ៍ជាប់ព្រំដែនថៃទាំង ៨ប៉ុស្តិ៍ និងស្ថាប័នពាក់ព័ន្ធមួយចំនួន ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្ដម អគ្គនាយក រួមជាមួយសមាសភាពក្នុងកិច្ចប្រជុំ បានអញ្ជើញចុះពិនិត្យបញ្ជរប្រថាប់ត្រា លិខិតឆ្លងដែន ប័ណ្ណព្រំដែនចេញ-ចូល ទីតាំងដែលត្រូវសង់រោងត្រៀមទទួល និងចែកវត្ថុអនុស្សាវរីយ៍ នំប៉័ង ទឹកសុទ្ធ ជូនពលករក្នុងបរិវេណច្រកទ្វារ ទីតាំងសម្រាប់ពលករគ្មានឯកសារ ធ្វើដំណើរនៅស្ថានីយរថភ្លើងប៉ោយប៉ែត និងពិសារអាហារសាមគ្គីថ្ងៃត្រង់រួមគ្នា ប្រកបដោយភាពស្និទ្ធិស្នាលរីករាយរាក់ទាក់ជាទីបំផុត ៕