យុវជនម្នាក់ បានធ្វើអត្តឃាតដោយ (ចងក) សម្លាប់ខ្លួន
បាត់ដំបង ៖ យុវជនម្នាក់ត្រូវបានគេប្រទះឃើញ ចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង០៧ និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចក្រុមទី១៨ ភូមិរកា ឃុំរកា ស្រុកសង្កែខេត្តបាត់ដំបង ដែលសាកសពជនរងគ្រោះមានឈ្មោះ រុយ រ៉ាវី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ។
តាមការបំភ្លឺរបស់ឈ្មោះ វី កិត្តទ្រព្យ ភេទស្រី អាយុ២២ឆ្នាំ ដែលត្រូវជាបងស្រីជីដូនមួយ បានអោយដឹងថា នៅថ្ងៃទី២១ ខែមីនា.ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨នឹង០០នាទី ឈ្មោះ រុយ រ៉ាវី (សព)បាននិយាយថា ខ្លួនគេនឹកពុកណាស់ខលទូរស័ព្ទទៅឪពុកឲ្យមកលេងផ្ទះ តែឪពុកគេមិនមកពីព្រោះនៅឆ្ងាយ (ធ្វើកម្មករនៅប្រទេសថៃ) ដោយម្ដាយបានស្លាប់ចោលយូរហើយ បន្ទាប់មកក៏បាននាំបងប្អូនហូបបាយ ហើយបន្ទាប់ពីហូបបាយហើយឈ្មោះ រុយ រ៉ាវី ដេកលើអង្រឹងនៅសំយ៉ាបផ្ទះខ្លួន ក៏ឡើងទៅលើផ្ទះដេកដូចធម្មតា។
លុះព្រឹកឡើងវេលាម៉ោង០៧និង០០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឈ្មោះ វី កិត្តទ្រព្យ ដែលត្រូវជាបងស្រីជីដូន១ បានដើរទៅខាងក្រោយផ្ទះក៏ប្រទះឃើញ ឈ្មោះ រុយ រ៉ាវី បានយកខ្សែរកាបូបពណ៌ខ្មៅ ចងកជាប់និងមែកស្ដៅ កម្ពស់៣ម៉ែត្រស្លាប់បាត់ហើយ បន្ទាប់មកក៏បានស្រែកអោយគេជួយ និងរាយការណ៍ទៅសមត្ថកិច្ចតែម្តង។
ក្រោយពីសមត្ថកិច្ច ចុះមកត្រួតពិនិត្យលើដងខ្លួនសាកសពរួចមក សមត្ថកិច្ចបានសន្និដ្ឋានថា សពពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ទៅអោយក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី