មន្ត្រីជាន់ខ្ពស់អធិការកិច្ច ៖ គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញ និងកំពុងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេស
កំពង់ស្ពឺ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអធិការកិច្ចលោកស្រី ថាក់ ឡានី បានលើកឡើងថា គ្រឿងញៀននៅតែជាបញ្ហាសង្គមដ៏ស្មុគស្មាញមួយ ដែលបាននិងកំពុងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខុមាលភាពប្រជាជន សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍប្រទេសជាតិ។
ការលើកឡើងនេះ ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្តីពី ត្រួតពិនិត្យគ្រឿងញៀនដល់ប្រជាពលរដ្ឋ ប្រជាការពារ សិស្សានុសិស្ស ស.ស.យ.ក នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤។
លោកស្រី ថាក់ ឡានី រដ្ឋលេខាធិការក្រសួងអធិការកិច្ចបានលើកឡើងថា គ្រឿងញៀន គឺជា កំពូលឧក្រឹដ្ឋកម្មអន្តរជាតិ ដែលបាននិងកំពុងរាតត្បាតនៅ ពាសពេញពិភពលោក ហើយបានទន្ទ្រានចូលមកប្រទេសកម្ពុជា ដោយបានបង្កនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជន យុវនារី និង កុមារខ្មែរយើង។ ដរាបណាការចរាចរណ៍គ្រឿងញៀនខុសច្បាប់នៅតែកើតមានឡើង នោះផលវិបាកធ្ងន់ធ្ងរក៏នៅតែមានជានិច្ចចំពោះប្រទេសជាតិយើង ព្រោះថាវាបានបង្កឱ្យមានឧក្រឹដ្ឋកម្មផ្សេងៗទៀតជាច្រើន។
ជាមួយនោះលោកស្រីបានលើកឡើងដោយគូសបញ្ជាក់ថា គ្រឿងញៀនគឺជាអន្ទាក់ប្រកបដោយគ្រោះថ្នាក់បំផុតសម្រាប់មនុស្សគ្រប់រូប ប្រសិនបើនរណាម្នាក់ធ្លាក់ចូលក្នុងអន្ទាក់នេះហើយ អ្នកនោះកម្រនឹងដកខ្លួនរួចណាស់ ហើយរមែងតែងតែផ្តល់ផលអាក្រក់ចំពោះអ្នកប្រព្រឹត្ត គ្រួសារ សហគមន៍និងសង្គមជាតិ។ក្នុងន័យនេះចង់និយាយថាមនុស្សដែលផុងខ្លួនជាទាសករគ្រឿងញៀន មិនអាចស្វែងរកអនាគតភ្លឺស្វាងវិញបានឡើយ មិនតែប៉ុណ្ណោះពួកគេនឹងបាត់បង់នូវក្តីស្រឡាញ់ គ្មានគោលដៅក្នុងជីវិត បាត់បង់សតិបញ្ញា ស្មារតី ក្លាយខ្លួនជាមនុស្សឯកោ វិកលចរិក និងឈានទៅរកសេចក្តីស្លាប់ដោយឥតន័យ។ដោយសារតែការមិនអាចគ្រប់គ្រងខ្លួនឯងបាននេះហើយ ទើបអ្នកប្រើប្រាស់គ្រឿងញៀន ងាយនឹងក្លាយខ្លួនជាឧក្រឹដ្ឋជន ឈានទៅប្រព្រឹត្តបទល្មើសនិងអំពើឧបាយមុខផ្សេងៗ ងាយនឹងឆ្លងមេរោគអេដស៍ដែលសុទ្ធតែជាកត្តាអាចបង្កឱ្យមានវិនាសកម្មដល់សង្គមមនុស្សដូចគ្នា។
ដើម្បីចូលរួមចំណែកទប់ស្កាត់នូវគុណវិបត្តិនិងការខាតបង់ដែលបណ្តាលមកពីគ្រឿងញៀន លោកស្រី ថាក់ ឡានី បានក្រើនរំលឹកដល់គ្រប់បណ្តាមន្ទីរ ស្ថាប័ន ជាពិសេសអង្គភាពជំនាញ ត្រូវមានផែនការគ្រប់គ្រងនិងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀនឱ្យដល់មូលដ្ឋានរស់នៅរបស់ពួកគាត់។មួយវិញទៀតក៏ផ្តាំផ្ញើដល់ក្មួយៗដែលជាយុវវ័យកំពុងពេញសិក្សាត្រូវខិតខំរៀនសូត្រ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវចង់ដឹង ចង់សាក និងកុំជឿតាមការអូសទាញ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន៕
ដោយ ៖ ប៊ុត សារុន