អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព
បាត់ដំបង ៖ ដោយអនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១១និង១៥នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ហួត សុភាព មេបញ្ជាការរងទទួលការងារស្រាវជ្រាវព័ត៌មានសន្ដិសុខ កងរាជអាវុធហត្ថខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបង្រ្កាបករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព ស្ថិតក្នុងភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។
ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
១-ឈ្មោះ កាន់ យ៉ុង ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរឃួងអណ្ដូង រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ ២-ឈ្មោះ សួង តារា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិគោកក្ដួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងដកហូតរួមមាន៖ មួកកាសស្កេតពណ៌ត្រេអ៊ី ០២, សម្លៀកបំពាក់យោធាលេខ០៣ (០២កំប្លេរ), ខ្សែក្រវ៉ាត់យោធា ០១, ឋានន្ដរសក្ដិ០២គូ, គ្រឿងឥស្សរិយស ០២ផ្ទាំង, ស្លាកឈ្លោះ ០១ស្លាក, សញ្ញាអគ្គបញ្ជាការ ០២, សញ្ញាកងយោធពលខេមរភូមិន្ទ ០២, ស៊ីងកាំភ្លើងពាក់កអាវ ០២គូ, សញ្ញាកងការពារព្រំដែន ០១ (ក្រណាត់), សេចក្ដីសម្រេចតែងតាំង ០២សន្លឹក, លិខិតបញ្ជាបេសកកម្ម ០១សន្លឹក, Laptob ០១គ្រឿង, រថយន្ដម៉ាកហាយឡិនឌឺពណ៌ទឹកប្រាក់សេរីឆ្នាំ២០០៤ ស្លាកលេខ ភ្នំពេញ2AG-8425 ០១គ្រឿង, លិខិតធានាមិនទាន់បំពេញ ០៣សន្លឹក ។
ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាង រហូតមកដល់ពេលនេះ ត្រូវបានមន្ទីរជំនាញកំពុងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី