សង្ស័យជិះម៉ូតូលឿន ជ្រុលទៅបុកគែមផ្លូវ និងរនាំងដែកបណ្តាលអោយ ស្លាប់មនុស្ស ២នាក់

បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១២និង៤០នាទីយប់ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវហៃវ៉េ ស្ថិតក្នុងភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេសង្ស័យថាម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ០១គ្រឿង ដែលមានផ្លាកលេខ បាត់ដំបង1AU-4386 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរម្នាក់ បានធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ដោយក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើក៏បានរ៉េចង្កូតទៅបុកគែមផ្លូវនិងបន្តទៅបុករនាំងដែកបណ្តាលអោយជង់បែកសាច់និងក្បាលស្លាប់ម្នាក់ភ្លាមៗ និងម្នាក់ទៀតផ្លោងធ្លាក់ចូលប្រឡាយរងរបួសធ្ងន់ និងស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងធ្វើកំណត់ហេតុ យកម៉ូតូទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវ ចំណែកសាកសពដឹកយកទៅតម្កល់ទុកនៅវត្តបច្ឆាដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សាលី

CATEGORIES
Share This