ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ត្រូវបានផ្តល់ជូនប្រជាពលរដ្ឋនៅភូមិម្រេច នៃខេត្តព្រះវិហារ
ព្រះវិហារ ៖ ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ប្រវែង១២គីឡូម៉ែត្រ ជាអំណោយរបស់ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ និងឯឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារ ត្រូវបានផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅភូមិម្រេច ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ការផ្តល់ជូនផ្លូវ១ខ្សែនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញចុះជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋនៅភូមិម្រេច កាលពីពេលថ្មីៗនេះ ជាចំណងដៃថ្មីបន្ថែមទៀត សម្រាប់ប្រជាជននៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។
លោក សំ លាងទ្រី ប្រធានសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលជាអំណោយរបស់ឯកឧត្តម ម៉ៅ សុផាន់ និងឯកឧត្តម គីម រិទ្ឋី ខាងលើខាងមន្ទីរកំពុងយកចិត្តទុកដាក់ធ្វើសកម្មភាពយ៉ាងញាប់ដៃញាប់ជើង តាមការណែនាំរបស់ឯកឧត្តម ម៉ៅ សុផាន់ និងឯកឧត្តម គីម រិទ្ឋី ដើម្បីធ្វើយ៉ាងណាអោយផ្លូវមានគុណភាពល្អប្រើប្រាស់បានយូ ។ ការស្ថាបនាផ្លូវ១ខ្សែនេះ ក្នុងគោលបំណង ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងជួយសម្រួលដល់ការដឹកជញ្ជូនផលដំណាំរបស់បងប្អូនប្រជាកសិករ មកកាន់ទីផ្សាបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា កាត់បន្ថយការចំណាយទៅលើការដឹកជញ្ជូនផងដែរ ។
លោក សំ លាងទ្រី បានអោយដឹងទៀតថា ផ្លូវគមនាគមន៍ ជាផ្នែកមួយសំខាន់ខ្លាំងណាស់ សម្រាប់ជួយអភិវឌ្ឈន៍ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ ផ្លូវជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ មានផ្លូវមានសង្ឃឹម, មានផ្លូវល្អសេដ្ឋកិច្ចរបស់ប្រទេសក៏ជឿនលឿនផងដែរ ៕
ដោយ ៖ រ៉ាស៊ី