មន្ត្រីជំនាញចុះអប់រំ អ្នកបើកបររថយន្តធំៗ ដោះស៊ីផ្លេខុសបច្ចេកទេសចេញ និងការតទ្រុងរថយន្ត ដឹកសំពីងសំពោង ត្រូវរៀបចំឱ្យត្រឹមត្រូវ
បាត់ដំបង ៖ ដោយយោងទៅតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុងស្រុកទាំង១៤ មានមន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តនូវវិធានការស្ដីពីការចុះពិនិត្យ និងណែនាំដល់ម្ចាស់រថយន្តធំៗធ្វើការដោះស៊ីផ្លេដែលខុសពីលក្ខណៈបច្ចេកទេសចេញ និងផ្លាស់ប្ដូរស៊ីផ្លេ ដែលត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានកំណត់ ។
ជាក់ស្តែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កម្លាំងក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តខេត្តបាត់ដំបង បានចុះធ្វើសកម្មភាពអប់រំណែនាំជាប្រចាំដល់អ្នកបើកបររថយន្តធំៗដោះស៊ីផ្លេខុសលក្ខណៈបច្ចេកទេសចេញ ការតទ្រុងបន្ថែម ការដឹកសំពីងសំពោង ត្រូវរៀបចំឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានណែនាំ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមទប់ស្កាត់សកម្មភាពអនាធិបតេយ្យដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈដោយការលឺសំឡេងស៊ីផ្លេខ្លាំងៗ ការដឹកសំពីងសំពោង ដែលអាចបង្កឱ្យមានភាពរំខាន និងអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនៅពេលធ្វើដំណើរ ។
ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបង្ហោះសារណែនាំទៅដល់ក្មួយៗយុវជន កុមារៗ បញ្ឈប់រាល់សកម្មភាពរាំទៅតាមចង្វាក់ស៊ីផ្លេបែបភ្លេងរបស់រថយន្តធំៗ ដែលបង្កឱ្យមានភាពអាណាធិបតេយ្យដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់នៅតាមដងផ្លុវសាធារណៈ ដែលងាយនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត ៕
ដោយ ៖ សាលី