ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក បណ្តាលអោយរងរបួសធ្ងន់

បាត់ដំបង ៖ បុរសម្នាក់បានរងរបួសធ្ងន់ ក្រោយជិះម៉ូតូឆ្លងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្ន ត្រូវរថយន្តបុកកិនពីលើនៅវេលាម៉ោង ០៧និង២០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិដុបក្រសាំង ឃុំកំពង់ព្រៀង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកទំនិញធុនធ្ងន់ ពណ៌ក្រហម មួយគ្រឿង ពាក់ផ្លាកលេខ តាកែវ 3A-2138 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះ ក៏មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខបាត់ដំបង1AQ-7208 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច (ឆ្លងផ្លូវឡើងទៅខាងស្តាំដៃ) ដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវរថយន្តបុកកិនពីលើបណ្តាលអោយរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកមោងឬស្សីដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This