រដ្ឋបាលខេត្តកំពង់ស្ពឺ ឱ្យមន្ត្រីបរិស្ថានម្នាក់ ដែលម៉ៅការសេវាប្រមូលសំរាម តាមរោងចក្រ ចូលខ្លួនដោះស្រាយ  គ្រាដែលខកខានបង់ពន្ធជូនរដ្ឋ ជិត៤ឆ្នាំ

កំពង់ស្ពឺ ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យមន្ត្រីបរិស្ថានម្នាក់ ដែលម៉ៅការសេវាប្រមូលសំរាមតាមរោងចក្រ ចូលខ្លួនដោះស្រាយ តាមការស្នើសុំរបស់ម្ចាស់ក្រុមហ៊ុន វេង សេង ហ្រ្គីន គ្រាដែលខកខានមិនបង់ពន្ធជូនរដ្ឋ៤ឆ្នាំ នេះបើយោងតាមលិខិតរដ្ឋបាលសាលាខេត្តកំពង់ស្ពឺជម្រាបជូនដល់មន្ទីរបរិស្ថានខេត្ត។

នៅលើលិខិតរដ្ឋបាល ដែលចុះហត្ថលេខាដោយលោក កែវ គុជសីហ៍ នាយករដ្ឋបាលនិងជាអ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ឈ្មោះ សៅ ភារិទ្ធ ភេទប្រុស ជាមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត និងឈ្មោះ ចែម ច័ន្ទរ័ត្ននា ភេទស្រីជាប្រពន្ធ បានយកឈ្មោះក្រុមហ៊ុន ដើរប្រមូលថ្លៃសេវាសំរាមនៅតាមរោងចក្រ សហគ្រាសហើយគេចវេះមិនបង់ពន្ធជូនរដ្ឋចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ដែលគិតសរុបរយៈពេល៤ឆ្នាំ ដែលករណីនេះបានធ្វើឱ្យបាត់ចំណូលពន្ធរដ្ឋយ៉ាងច្រើន។

ដោយករណីនេះ រដ្ឋបាលខេត្តកំពង់ស្ពឺបានស្នើសុំដល់មន្ទីរបរិស្ថានខេត្តជួយអន្តរាគមន៍សម្របសម្រួលដល់មន្ត្រីរបស់ខ្លួនឈ្មោះ សៅ ភារិទ្ធ និងភរិយា ចូលខ្លួនដើម្បីដោះស្រាយចំណូលពន្ធរដ្ឋដែលមិនបានបង់ចំនួន៤ឆ្នាំនេះ។ហើយក្នុងនោះរដ្ឋបាលខេត្តក៏បានបញ្ឈប់លើសកម្មភាព ធ្វើអាជីវកម្មប្រមូលសេវាសំរាមដោយខុសច្បាប់របស់ឈ្មោះ សៅ ភារិទ្ធ និងភរិយា នេះផងដែរ។

ពាក់ពន្ធ័និងករណីនេះ លោក សៅ ភារិទ្ធ បានអះអាងថា លោកគ្មានសិទ្ធិក្នុងការបង់ពន្ធជូនរដ្ឋទេ ព្រោះលោកមិនមែនជាម្ចាស់ក្រុមហ៊ុន លោកគ្រាន់ជាអ្នកស៊ីឈ្នួលប្រមូលហើយផ្តល់ភាគលាភដល់ក្រុមហ៊ុនប្រចាំខែប៉ុណ្ណោះ និយាយរួមមានតែក្រុមហ៊ុន វេង សេង ហ្គ្រីនមួយគត់ដែលមានសិទ្ធិក្នុងការប្រថាប់ត្រាហើយបង់ពន្ធជូនរដ្ឋ។មួយវិញទៀតករណីនេះគឺផ្តើមចេញពីទំនាស់ផ្ទៃក្នុងនិងការអាក់អន់ចិត្ត។

ជុំវិញការស្នើសុំពីរដ្ឋបាលខេត្តកំពង់ស្ពឺ មន្ទីរបរិស្ថានខេត្តនៅមិនទាន់មានចំណាត់សម្របសម្រួលណាមួយនៅឡើយទេ ខណៈចំណូលពន្ធដែលខកខានក្នុងការបង់រយៈពេល៤ឆ្នាំកន្លងមក មានរហូតដល់ទៅជាង១០០លានរៀល នេះបើយោងតាមប្រភពពីក្រុមហ៊ុន វេង សេងហ្គ្រីន៕

ដោយ ៖ ប៊ុត សារុន

CATEGORIES
Share This