អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទជួញដូរសារធាតុញៀន

បាត់ដំបង ៖ យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង។

កិច្ចប្រតិបត្តិការខាងលើនេះដំណាក់កាលដំបូងធ្វើឡើង នៅត្រង់ចំណុចមុខវត្តក្តុល ស្ថិតក្នុងក្រុមទី១២ ភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៊ុត ប៊ុនណា ហៅ ទូច ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង រួមជាមួយវត្ថុតាងគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ០,៩១ក្រាម,ទូរស័ព្ទដៃ ០១គ្រឿង ។

ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង ២១និង២០នាទី ថ្ងៃ.ខែ.ឆ្នាំដដែល កម្លាំងជំនាញបានចុះត្រង់ចំណុចក្រុមទី២២ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមេក្លោងគ្រឿងញៀនម្នាក់ទៀត ឈ្មោះ ផុង សារិ ហៅ ហ៉ីង ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅចំណុចខាងលើ រួមជាមួយវត្ថុតាងគ្រឿងញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ ទម្ងន់ ៤.៥៩ ក្រាម ,ទូរស័ព្ទដៃ ០១គ្រឿង ,ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង  ដែលគ្រឿងញៀនសរុបចំនួន ០២ កញ្ចប់ ទម្ងន់ ៥,៥០ ក្រាម, ទូរស័ព្ទដៃ០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង ។

ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ ៖ សាលី

CATEGORIES
Share This